DAP News
ព័ត៌មានជាតិ

កម្មវិធី​TVET 1.5M របស់សម្ដេចធិបតី ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានបណ្ដុះបណ្ដាលយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងពលរដ្ឋជិត ៣ពាន់នាក់ឱ្យមានជំនាញ និងចំណូលសមរម្យ

ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ៣ពាន់កន្លែង​យុវជនម​ក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងពលរដ្ឋ ​គិត​ចាប់​ពី​ឆ្នាំ ២០២៤មក ដោយផ្ដោតលើ ៩មុខជំនាញ​ដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ រួម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ​ក្រោម​កម្មវិធីបណ្តុះប​ណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ (TVET 1.5M)។

បើតាមវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ(NIB) បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មក វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២៩៨៧​នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៤៥៥នាក់។ ក្នុងនោះមុខ​ជំនាញ​ដែល​សិស្ស​ចុះឈ្មោះ​ចូល​រៀន​ច្រើនជាងគេរួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល និងសេវាកម្មកុំព្យូទ័រ។

ជាមួយគ្នានេះវិទ្យាស្ថាន NIB មានមុខជំនាញចំនួន ៩ រួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ, ការដំឡើង និងអនុវត្តន៍បច្ចេកវិទ្យាឌីជីថល, ការបង្កើតអាជីវកម្ម និងសហគ្រិនភាព និងសេវាលក់អនឡាញ។

​សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅទីតាំងសាលារៀងរាល់ម៉ោងធ្វើការ ឬចូលទៅក្នុងកម្មវិធី App TVET។ សម្រាប់​ព័ត៌​មាន​អំពី​ការ​ចុះឈ្មោះ​ចូល​រៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៥០ ៩៦៩/ ០១៦ ៦៧៧ ៣២៧/ ០៧១ ៨៨៧២ ៣៣៤/ ឬអញ្ជើញមកវិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សា​ស្ត្រ​ដោយផ្ទាល់ ដែល​មានទីតាំងស្ថិត​នៅក្នុង​ភូមិទ្រា សង្កាត់​ស្ទឹង​មានជ័យ១ ខណ្ឌ​មានន​ជ័យ រាជធានីភ្នំពេញ៕

To Top