ស្វែងយល់ ពីគោលជំហរ របស់ប្រទេសជប៉ុន
១. គោលជំហរជាមូលដ្ឋានរបស់ប្រទេសជប៉ុន
(១) ប្រទេសជប៉ុន បានរួមចំណែកយ៉ាងជាប់លាប់ក្នុងគាំទ្រសន្តិភាព និងភាពរីកចម្រើនអន្តរជាតិ ក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ជប៉ុនបានប្រកាន់ខ្ជាប់ជានិច្ច នូវច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបន្តខិតខំរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហរ ដោយផ្អែកលើនីតិរដ្ឋនៅក្នុងសហគមន៍អន្តរជាតិ។ ជំហររបស់ប្រទេសជប៉ុន ត្រូវបានគេដឹងយ៉ាងច្បាស់ នៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវបានកោតសរសើរ ដោយប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ជំហរនេះនឹងមិនផ្លាស់ប្តូរទេនៅពេលអនាគត។ ការអះអាងដែលធ្វើឡើង ដោយប្រទេសមួយចំនួនដែលថា របបយោធានិយមកំពុងវិលត្រឡប់មកវិញ គឺនៅឆ្ងាយពីការពិត នៃភាពជាក់ស្តែងរបស់ប្រទេសជប៉ុន និងឆ្ងាយពីការយល់ឃើញរបស់សហគមន៍អន្តរជាតិទាំងមូល។
(២) សហគមន៍អន្តរជាតិទាំងមូល កំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ ជាមួយគ្នា។ ដូច្នេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នៅចំណុចរបត់នៃប្រវត្តិសាស្ត្រនេះ ប្រទេសជប៉ុនជឿជាក់ថា ខ្លួនត្រូវតែបង្កើតបរិយាកាសអន្តរជាតិ យ៉ាងសកម្មប្រកបដោយសន្តិភាព និងស្ថិរភាព ស្របពេលនឹងការធានាសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេស និងប្រជាជនរបស់ខ្លួន ព្រមទាំងពង្រឹង និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើតម្លៃ និងគោលការណ៍សេរីភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ដូចនេះ ដើម្បីសម្រេចគោលដៅនេះ ប្រទេសជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសកម្ពុជាផងដែរ និងបន្តខិតខំប្រឹងប្រែងផ្នែកការទូត ដែលនាំពិភពលោកពីការបែងចែក និងជម្លោះ ឆ្ពោះទៅរកការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ។
២. ការសម្រេចកែប្រែគោលការណ៍បីនៃការផ្ទេរឧបករណ៍ការពារជាតិ
(១) ថ្ងៃទី២១ ខែមេសា ក្នុងឆ្នាំនេះ រដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើការកែប្រែមួយផ្នែក លើ [គោលការណ៍៣ នៃការផ្ទេរឧបករណ៍ការពារជាតិ] និង [ការណែនាំនៃការអនុវត្តគោលការណ៍៣ នៃការផ្ទេរឧបករណ៍ការពារជាតិ]។ ជាគោលការណ៍ ការពិនិត្យឡើងវិញនេះនឹងអនុញ្ញាតឱ្យមានការផ្ទេរឧបករណ៍ការពារជាតិទាំងអស់រួមទាំងផលិតផលសម្រេច ទៅក្រៅប្រទេស ដែលនឹងរួមចំណែកបន្ថែមទៀតដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ (មកដល់ពេលនេះ ការផ្ទេរផលិតផលសម្រេចបានកំណត់ត្រឹម ៥ប្រភេទ (ការជួយសង្គ្រោះ ការដឹកជញ្ជូន ការប្រុងប្រយ័ត្ន ការឃ្លាំមើល និងការបោសសម្អាតមីនសមុទ្រ)។
(២) នៅក្នុងស្ថានភាពបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើងៗ គ្មានប្រទេសណាមួយអាចការពារសន្តិភាព និងសន្តិសុខរបស់ខ្លួនដោយខ្លួនឯងបានឡើយ។ ដើម្បីការពារសន្តិភាព និងសន្តិសុខរបស់ប្រទេស និងតំបន់ យើងត្រូវការប្រទេសដៃគូដែលអាចគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងឧបករណ៍ការពារជាតិផងដែរ។
(៣) ជាការពិត ឧបករណ៍ការពារជាតិរបស់ប្រទេសជប៉ុនក៏ត្រូវបានគាំទ្រដោយប្រទេសដៃគូផងដែរ។ ក្នុងពេលជាមួយគ្នានេះ យើងទទួលស្គាល់ថា ប្រទេសដៃគូនៅអាស៊ីអាគ្នេយ៍ អូស្ត្រាលី អឺរ៉ុប ជាដើមមានការរំពឹងទុកខ្ពស់ចំពោះឧបករណ៍ការពារជាតិរបស់ប្រទេសជប៉ុន។ ជាការឆ្លើយតបទៅនឹងតម្រូវការ ការផ្ទេរឧបករណ៍ការពារជាតិនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការពារជាតិរបស់ប្រទេសទាំងនេះ និងការទប់ស្កាត់នូវការផ្ទុះឡើងនៃជម្លោះ។
(៤) វាច្បាស់ណាស់ហើយ ទោះបីជាក្រោយការកែប្រែនេះក៏ដោយ ក៏ជប៉ុននឹងបន្តរក្សាឧត្តមគតិរបស់ខ្លួនក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព ដែលជាគោលការណ៍ដែលខ្លួនបានប្រកាន់ខ្ជាប់អស់រយៈពេលជាង៨០ឆ្នាំមកហើយ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។
(៥) នៅពេលមានការផ្ទេរឧបករណ៍ការពារជាតិ យើងនឹងអនុវត្តតាមក្របខ័ណ្ឌត្រួតពិនិត្យការនាំចេញអន្តរជាតិ (ដូចជាកិច្ចព្រមព្រៀង Wassenaar និងអនុសញ្ញាពាណិជ្ជកម្មអាវុធ) ហើយករណីនីមួយៗនឹងត្រូវបានពិនិត្យយ៉ាងតឹងរឹង ដើម្បីធានានូវការមិនរួមចំណែកដល់ការប្រឆាំងសន្តិភាពអន្តរជាតិ ដូចជាការបង្កើនជម្លោះជាដើម ហើយធានានូវការគ្រប់គ្រងដ៏ត្រឹមត្រូវផងដែរ ។
(៦) ទាក់ទងនឹងឧបករណ៍ដែលមានសមត្ថភាពសម្លាប់ ឬបំផ្លាញ ក្រុមប្រឹក្សាសន្តិសុខជាតិ (នៅកម្រិតរដ្ឋមន្ត្រី) នឹងពិចារណាយ៉ាងប្រុងប្រយ័ត្នលើបញ្ហានេះ ហើយកំណត់ចំពោះតែប្រទេសដែលសន្យាថានឹងប្រើប្រាស់វាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ លើសពីនេះ ជាគោលការណ៍ ឧបករណ៍នឹងមិនត្រូវបានផ្ទេរទៅ “ប្រទេសដែលត្រូវគេវាយតម្លៃថា ការប្រយុទ្ធគ្នាកំពុងកើតមានឡើងជាជាក់ស្តែង ដែលជាផ្នែកមួយនៃជម្លោះប្រដាប់អាវុធ” ទេ (ករណីលើកលែងនឹងត្រូវបានធ្វើឡើងតែក្នុងកាលៈទេសៈពិសេស ដោយពិចារណាលើតម្រូវការសន្តិសុខរបស់ប្រទេសជប៉ុន)៕
