អ៊ីរ៉ង់ បដិសេធសំណើឈប់បាញ់ របស់សហរដ្ឋអាមេរិក លោក ត្រាំ ចាត់ទុកថា វាជារឿង មិនអាចទទួលយកបាន
វ៉ាស៊ីនតោន៖ អ៊ីរ៉ង់បានបដិសេធសំណើចុងក្រោយរបស់សហរដ្ឋអាមេរិកថា ស្មើនឹងការចុះចាញ់ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម ការដកចេញនូវទណ្ឌកម្ម និងការលើកលែងការបិទផ្លូវកងទ័ពជើងទឹក ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិពណ៌នាថា “មិនអាចទទួលយកបានទាំងស្រុង”។
សេចក្តីព្រាងសំណើចុងក្រោយរបស់អ៊ីរ៉ង់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក អំពាវនាវឱ្យបញ្ឈប់ជម្លោះជាបន្ទាន់លើគ្រប់វិស័យ ការធានាសម្រាប់ការលែងមាន “ការឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្ម និងការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim កាលពីថ្ងៃអាទិត្យ។
សំណើនេះបង្ហាញពីតម្រូវការក្នុងការបញ្ចប់សង្គ្រាមជាបន្ទាន់ ផ្តល់ការធានាសម្រាប់ការមិនធ្វើម្តងទៀតនៃការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងបញ្ហាមួយចំនួនទៀតនៅក្នុងកិច្ចព្រមព្រៀងនយោបាយ។
អ៊ីរ៉ង់ក៏ទាមទាររយៈពេល ៣០ថ្ងៃសម្រាប់ការលុបចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការលក់ប្រេងរបស់អ៊ីរ៉ង់ និងការដោះលែងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់បន្ទាប់ពីកិច្ចព្រមព្រៀងបឋម នេះបើយោងតាមរបាយការណ៍។
លោក ដូណាល់ ត្រាំ បានឆ្លើយតបជាច្រើនម៉ោងក្រោយមកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកនៅថ្ងៃអាទិត្យ ដោយមិនបានពន្យល់លម្អិតបន្ថែមនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
