ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ ចំពោះវត្តមាននាវាចម្បាំង​ បារាំង​ និងអង់គ្លេសនៅច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖​ អ្នកការទូតកំពូលអ៊ីរ៉ង់ម្នាក់ បានព្រមានថា វត្តមាននាវាចម្បាំងបារាំង និងអង់គ្លេសនៅច្រកសមុទ្រហ័រមូស ដើម្បីអមដំណើរសកម្មភាពខុសច្បាប់អន្តរជាតិ របស់សហរដ្ឋអាមេរិក នឹងត្រូវបានឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងភ្លាមៗពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់នេះនៅក្នុង សារមួយនៅលើបណ្តាញសង្គម ខណៈពេលដែលកំពុងប្រតិកម្ម ទៅនឹងការដាក់ពង្រាយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Charles de Gaulle របស់បារាំងទៅកាន់សមុទ្រក្រហម និង ឈូងសមុទ្រ Aden ដើម្បីរៀបចំសម្រាប់បេសកកម្ម រួមគ្នានាពេល អនាគតរវាងទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ ដើម្បីធានាសេរីភាពនៃការដឹកជញ្ជូន និងការរុករក តាមរយៈច្រកសមុទ្រហ័រមូស។

លោក Gharibabadi បានឧ្យដឹងថា រដ្ឋាភិបាលអង់គ្លេស​ ក៏បានប្រកាសផងដែរថា ដើម្បីអមដំណើរប្រទេសបារាំង ខ្លួននឹងបញ្ជូននាវាចម្បាំង មួយគ្រឿងទៅកាន់សមុទ្រក្រហម ដោយបន្ថែមការដាក់ពង្រាយ និងការឈរជើងនាវា ពិឃាតឆ្លងតំបន់នៅជុំវិញច្រកសមុទ្រហ័រមូស​ ក្រោមលេសនៃការការពារការដឹកជញ្ជូនទំនិញ «គឺគ្មានអ្វីក្រៅពីការកើនឡើង នៃវិបត្តិ ការធ្វើយោធានីយកម្ម នៃផ្លូវទឹកដ៏សំខាន់ និងការប៉ុនប៉ងបិទបាំង ឫសគល់ពិតនៃភាពអសន្តិសុខ នៅក្នុងតំបន់នោះទេ»។

លោកបានបន្ថែមថា សន្តិសុខដែនសមុទ្រមិនអាចធានាបានតាមរយៈ «ការបង្ហាញអំណាចយោធា» ជាពិសេសដោយតួអង្គដែលខ្លួនឯងរួមចំណែកដល់បញ្ហាតាមរយៈការគាំទ្រ ការចូលរួម ឬការនៅស្ងៀមនៅចំពោះមុខ «ការឈ្លានពាន និងការបិទផ្លូវ» ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top