សម្តេចតេជោ ៖ កម្ពុជា មានស្បៀង, អាស៊ៃបែហ្សង់ មានថាមពល អាចបំពេញ ឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានលើកឡើងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ ហើយអាស៊ៃបែហ្សង់មានថាមពល ។ ដូច្នេះប្រទេសទាំងពីរអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អែលឈីន អាមៀរបាយ៉ូវ តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃសាធារណរដ្ឋអាស៊ៃបែហ្សង់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា លោក អែលឈីន អាមៀរបាយ៉ូវបានលើកឡើងជាច្រើន វិស័យ នូវទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងអាស៊ៃបែហ្សង់ ។

អ្នកនាំពាក្យបន្តថា សម្តេចតេជោ ពេញចិត្តចំពោះការលើកឡើង របស់តំណាងប្រធានាធិបតី ទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ៃបែហ្សង់ ដែលលើកឡើងពីការពង្រឹងទំនាក់ទំនងក្របខណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាញឹកញាប់សម្តេចចង់ឃើញ នូវទំនាក់ទំនងរវាងប្រទេសនីមួយៗ ពិសេសនិយាយដោយឡែកពីកម្ពុជា ជាមួយអាស៊ៃបែហ្សង់គឺទៅជាមួយគ្នា នូវទំនាក់ទំនងនយោបាយ ។

អ្នកនាំពាក្យព្រឹទ្ធសភាអះអាងថា បន្ថែមពីលើនេះ ក៏ត្រូវពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឱ្យកាន់តែរីកចម្រើន។

សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា អាស៊ៃបែហ្សង់ ជាប្រទេសមួយដែលមានសន្តិសុខ ថាមពលគឺប្រទេសសម្បូរ ទៅដោយថាមពល ហើយសម្រាប់កម្ពុជាវិញ មានសុខសន្តិសុខស្បៀងដែលកម្ពុជា មានលទ្ធភាព ក្នុងការផលិតស្បៀងបានយ៉ាងច្រើន ។ ដូច្នេះប្រទេសទាំងពីរអាចមានលទ្ធភាពពង្រីក ទំនាក់ទំនងគ្នាបន្ថែមនៅក្នុងក្របខណ្ឌនៃការបំពេញឱ្យគ្នាទៅវិញទៅមក ។ ដោយកម្ពុជាបំពេញស្បៀង ទៅឱ្យអាស៊ៃបែហ្សង់ ហើយអាស៊ៃបែហ្សង់ បំពេញសន្តិសុខ ថាមពលមកកម្ពុជាវិញ។

សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា នេះជាចំណងមិត្តភាពមួយបន្ថែមទៀត តាមរយៈការពង្រីកពាណិជ្ជកម្ម តាមបែបបំពេញឱ្យគ្នាទៅវិញទៅមក ៕

