ព័ត៌មានអន្តរជាតិ

​ អាជ្ញាធរប្រឆាំង អំពើពុករលួយអ៊ុយក្រែន​ កំពុងស៊េីបអង្កេតអតីតប្រធានការិយាល័យ ប្រធានាធិបតី​ ជុំវិញអំពេីពុករលួយ

គៀវ៖ ការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំង អំពើពុករលួយ (SAPO) របស់អ៊ុយក្រែន​បានឧ្យដឹងថា អាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានជូនដំណឹងដល់អតីតប្រធានការិយាល័យប្រធានាធិបតីថា លោកកំពុងស្ថិតក្រោមការសង្ស័យ ក្នុងការស៊ើបអង្កេតអំពើពុករលួយ។

ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និង SAPO បានរកឃើញក្រុមមួយ ដែលមានការរៀបចំពាក់ព័ន្ធនឹងការធ្វើឱ្យស្របច្បាប់នៃប្រាក់ hryvnias ចំនួន ៤៦០លាន (ប្រហែល ១០.៤៧លានដុល្លារអាមេរិក) ដែលជាប់ទាក់ទង នឹងសំណង់វរជនមួយនៅជិតទីក្រុងគៀវ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញ​ Telegram។

SAPO បានឧ្យដឹងថា វិធានការស៊ើបអង្កេតបន្ទាន់កំពុងដំណើរការ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណអតីតមន្ត្រីនោះទេ។​ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក​ Andriy Yermak ត្រូវបានដាក់ឈ្មោះជាជនសង្ស័យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក លោក​ Yermak ដែលបានលាលែងពីតំណែងកាលពីខែវិច្ឆិកាឆ្នាំមុន បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការចោទប្រកាន់ទាំងនេះ និងបដិសេធថាមិនមានអចលនទ្រព្យប្រណីតនោះទេ។

ដោយធ្វើអត្ថាធិប្បាយលើករណីនេះ លោក Dmytro Lytvyn ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតី បានឧ្យដឹងថា វាលឿនពេកក្នុងការធ្វើការសន្និដ្ឋាន ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top