ព័ត៌មានជាតិ

អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប អញ្ជើញចុះពិនិត្យទីតាំង ស្នើសុំជីកស្តារព្រែក ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

សៀមរាប ៖ លោក ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំ ជីកស្តារព្រែក ដែលជាច្រកផ្លូវចរាចរណ៍ កាណូតដឹកភ្ញៀវទេសចរណ៍ចេញ-ចូលទៅទស្សនាបឹងទន្លេសាប ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។

ការចុះពិនិត្យ ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោក ជា សុខនី អគ្គលេខាធិការរង តំណាង លោក សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយលោក លី សារី អភិបាលរងខេត្ត តំណាង អភិបាលខេត្តសៀមរាប សហការជាមួយគ្រឹះស្ថានអង្គរ ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលខេត្ត មន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ កងកម្លាំង និងសមាគមកាណូតដឹកភ្ញៀវទេសចរណ៍ចុងឃ្នៀស ខេត្តសៀមរាប ដើម្បីចូលរួមចុះពិនិត្យទីតាំង ស្នើសុំជីកស្តារព្រែក ដែលជាច្រកផ្លូវចរាចរណ៍កាណូតដឹកភ្ញៀវទេសចរណ៍ចេញ-ចូលទៅទស្សនាបឹងទន្លេសាប ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១ ២៨៣ ម៉ែត្រ មានទទឹង ១៥ម៉ែត្រ និងជម្រៅ ២.៥ម៉ែត្រ ។

ដើម្បីរួមចំណែកក្នុងការថែរក្សាការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងការធានាបាននូវលំហូរទឹកជំនន់ ក៏ដូចជាលំហូរផ្លូវទឹកសម្រាប់នាវាចរ និងសម្រាប់ប្រជាពលរដ្ឋ ធ្វើការនេសាទ និងប្រើប្រាស់ប្រចាំថ្ងៃ ក្រុមការងារបានសម្រេចជូនគ្រឹះស្ថានអង្គរ រៀបចំធ្វើផែនការឱ្យ បានលម្អិតច្បាស់លាស់ បែបលក្ខណៈបច្ចេកទេស ជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួចដាក់សំណើឆ្លងមកក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ។

សូមជម្រាបជូនថា តាមរយៈលិខិតលេខ៣៩៦ សជណ.ហធ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការ គណៈរដ្ឋមន្រ្តី បានដកហូតទីតាំង វិនិយោគតំបន់ចុងឃ្នៀសនេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ៕

To Top