កម្ពុជា បដិសេធចំពោះភាគីថៃ ចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ទៅក្នុងបញ្ជីជាតិ បុរាណស្ថានរបស់ថៃ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេច របស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថាន ទាំងឡាយតាមបណ្ដោយព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា សកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាង សម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។
បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន នៃភាគីទាំងពីរ (JBC)។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ ក្លែងក្លាយលើទីតាំងបេតិកភណ្ឌ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាព ឯកតោភាគី ដែលកំពុងប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយ ដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ដែលបានបង្កើតឡើង ៕
