លោក Erdogan លើកឡើងថា តួគីមិនមានបញ្ហាសន្តិសុខស្បៀង កើតឡើងនោះទេ ក្នុងស្ថានភាពតានតឹង នៅតំបន់ដំណាក់កាលនេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតួគី មិនមានបញ្ហាជាមួយនឹងផលិតកម្មកសិកម្ម និងសន្តិសុខការផ្គត់ផ្គង់ស្បៀង ចំពេលមានជម្លោះក្នុងតំបន់នេះនោះទេ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ទិវាកសិករ ពិភពលោកក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា ប្រទេសនេះនៅតែមានការប្រុង ប្រយ័ត្នដើម្បីធានាថាជម្លោះប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ ហើយបណ្តាប្រទេសឈូងសមុទ្រមិនប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់តួគីឡើយ។
លោកបានបន្តថា៖យើងបានធានាការផ្គត់ផ្គង់វត្ថុធាតុដើមជី និងជីរួចហើយ។ ស្តុកជីរបស់យើងមានកម្រិតគ្រប់គ្រាន់។
លោកបានបន្ថែមថា បច្ចុប្បន្នប្រទេសមិនប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀងទេ ដោយសារការធ្វើផែនការ និងគោលនយោបាយគាំទ្រកសិកម្មរបស់រដ្ឋាភិបាលនាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
