ក្រុមប្រឹក្សារាជធានីភ្នំពេញ ៖ អាជ្ញាធរនិងកងកម្លាំង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរ លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការបង្ក្រាប បទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ នៅរាជធានីភ្នំពេញកន្លងមកនេះ បានល្អប្រសើរ។

ការកោតសរសើរបែបនេះរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងនោះលោក ម៉ប់ សារិន បានលើកថា ក្នុងខែមេសាកន្លងមកនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ ទៅលេងស្រុកកំណើត ការបង្ក្រាបបទល្មើស Scam Online និងពិសេសការរៀបចំនគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ នៅរាជធានីភ្នំពេញ បានល្អប្រសើរ។

បន្ថែមលើការកោតសរសើរ ចំពោះការអនុវត្តការងារ របស់អាជ្ញាធររាជធានីភ្នំពេញហើយនោះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ កែសម្រួលភ្លើងចរាចរណ៍ និងដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានឆ្លើយតបថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនកាន់តែល្អថែមទៀត។ដោយឡែកចំពោះ ការស្នើឱ្យដាក់ចំណាំងផ្លាតនៅក្បាលក្លូពុះចែកទ្រូងផ្លូវ អាជ្ញាធររាជធានីភ្នំពេញ នឹងឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យនិងដាក់ចំណាំងផ្លាតទាំងនេះ ជាមួយនឹងការកែសម្រួលភ្លើងចរាចរណ៍ នៅតាមបណ្តាផ្លូវធំៗមួយចំនួនផងដែរ៕



