DAP News
ព័ត៌មានអន្តរជាតិ

​ ប្រធាន FDA របស់អាមេរិកលោក Makary លាលែងពីតំណែង

សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោក Marty Makary ស្នងការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានលាលែងពីតំណែង ហើយលោក Kyle Diamantas នឹងបម្រើការជាស្នងការស្តីទីរបស់ទីភ្នាក់ងារនេះ។

លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើបណ្ដាញ​ Truth Social របស់លោកថា “ខ្ញុំចង់ថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត Marty Makary ដែលបានធ្វើការងារដ៏អស្ចារ្យនៅ FDA”។ “មានរឿងជាច្រើនត្រូវបានសម្រេចក្រោមការដឹកនាំរបស់លោក។ លោកជាមនុស្សឧស្សាហ៍ព្យាយាម ដែលត្រូវបានគោរពដោយមនុស្សគ្រប់គ្នា ហើយនឹងបន្តមានអាជីពដ៏លេចធ្លោក្នុងវិស័យវេជ្ជសាស្ត្រ”។

លោក ដូណាល់​ ត្រាំ​ បានបន្ថែមថា “លោក Kyle Diamantas ដែលជាមនុស្សមានទេពកោសល្យខ្លាំង នឹងត្រូវដាក់ឱ្យកាន់តំណែងស្តីទី​ នៃទីភ្នាក់ងារនេះបន្ដ”។

លោក Diamantas បានបម្រើការជាអនុប្រធានស្នងការទទួលបន្ទុកចំណីអាហាររបស់ FDA។ យោងតាម ​​FDA លោកដឹកនាំកម្មវិធីអាហារមនុស្សរបស់ទីភ្នាក់ងារ ដោយត្រួតពិនិត្យសកម្មភាពអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់ FDA។

ការចាកចេញរបស់លោក Makary បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនសប្តាហ៍អំពីភាពតានតឹង​ ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៃសេតវិមាន និងមន្ត្រីសុខាភិបាល ព្រមទាំងការត្រួតពិនិត្យលើការសម្រេចចិត្តជាច្រើនរបស់ FDA៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top