លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារ ជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថាន
រសៀលថ្ងៃទី១២ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាការចាប់ផ្តើមអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន ភាគីតាហ្ស៊ីគីស្ថានក៏ខិតខំប្រឹងប្រែងពេញទំហឹងក្នុងការជំរុញ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”ដែរ ។ ភាគីទាំងពីរគួរតែតភ្ជាប់យ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រឹងនិន្នាការដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ធានាការអនុវត្តគម្រោងសំខាន់ៗ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិសុខនិងការអនុវត្តច្បាប់ ។ ភាគីចិនរីករាយធ្វើការជាមួយភាគីតាហ្ស៊ីគីស្ថាន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-តាហ្ស៊ីគីស្ថានដែលកាន់តែជិតស្និទ្ធ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Emomali Rahmon បានថ្លែងថា តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ភាគីតាហ្ស៊ីគីស្ថានគោរពគោលការណ៍ចិនមួយយ៉ាងម៉ឺងម៉ាត់ ។ ភាគីតាហ្ស៊ីគីស្ថានរំពឹងទុកបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យរ៉ែគន្លឹះ បញ្ញាសិប្បនិម្មិតនិងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមជាមួយភាគីចិន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងបង្កើនការផ្លាស់ប្តូរខាងការអប់រំ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែធំ ។
បន្ទាប់ពីកិច្ចជំនួបនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានចុះហត្ថលេខាដើម្បីប្រកាសឱ្យប្រើប្រាស់《សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋតាហ្ស៊ីគីស្ថាន》និង《សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋតាហ្ស៊ីគីស្ថានស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី》 ៕
