ព័ត៌មានអន្តរជាតិ

កិច្ច​សហប្រតិបត្តិការ ​ចិន-អាមេរិក ៖ កូនសោសម្រាប់សន្តិភាព និង សេដ្ឋកិច្ចសកល

ជាតថភាព ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដែលពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់មកប្រទេសចិន ក្នុងពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ សម្រាប់ប្រទេសចិន និង ប្រទេសអាមេរិក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការរួមគ្នាដោះស្រាយបញ្ហាសកលនានា។ សហគមន៍អន្តរជាតិ បានយល់ស្របគ្នាថា ភាគីទាំងពីរ ទាំងចិន ទាំងអាមេរិក អាចប្រើឱកាសនេះ ដើម្បីឈានទៅរកកុងសង់ស៊ីស​ថ្មីៗ និងកំណត់ទិសដៅសម្រាប់ទំនាក់ទំនង ក្នុងយុគសម័យថ្មី ។ ស្របពេលដែលប្រទេសចិនបានបង្ហាញភាពត្រៀមខ្លួន និងការបើកចំហ របស់ខ្លួន ប្រទេសអាមេរិក ក៏ត្រូវធ្វើជម្រើសដ៏ត្រឹមត្រូវផងដែរ ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវ «គោលការណ៍ចិនតែមួយ» ដែលភាគីទាំងពីរបានយល់ស្រប នៅក្នុងសេចក្តីថ្លែងការណ៍សៀងហៃ និងត្រូវបានពង្រឹងបន្ថែម តាមរយៈការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៧៩។

ជានិច្ចកាល លោក Xi Jinping ប្រធានរដ្ឋចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ហើយលោកទាំងពីរបានជួបគ្នានិងបានបន្តការសន្ទនាតាមទូរស័ព្ទ ព្រមទាំងការប្រាស្រ័យទាក់ទងគ្នាជាច្រើនលើក។ នេះបានបង្ហាញយ៉ាងច្បាស់ថា មហាអំណាចទាំងពីររបស់ពិភពលោកយល់ដឹងថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ដែលអាចជះ ឥទ្ធិពលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពសកលផងដែរ ។ ការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈមធ្យោបាយផ្សេងៗ និងការប្រើប្រាស់យន្តការជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ច ការអនុវត្តច្បាប់ សន្តិសុខអ៊ីនធឺណិត វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការកសាងទំនុកចិត្ត និងការគ្រប់គ្រងភាពខុសគ្នាដោយសន្តិវិធី។

ជាសច្ចភាព នៅក្នុងពិភពលោក ដែលពោរពេញដោយការប្រកួតប្រជែង និងវិបត្តិសកលនាពេលបច្ចុប្បន្ន ការសន្ទនា និងកិច្ចសហប្រតិបត្តិការ គឺជាជម្រើសតែមួយគត់ ដែលមានភាពប្រាកដនិយម និងទទួលខុសត្រូវបំផុត។ ជាក់ស្តែង ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិក បានផ្តល់ចម្លើយយ៉ាងច្បាស់ថា នៅពេលដែលប្រទេសទាំងពីរសហការគ្នា ពិភពលោកទទួលបានផលប្រយោជន៍យ៉ាងធំធេង។ ក្នុងអំឡុង សង្គ្រាមលោកលើកទី២ កងយន្តហោះ Flying Tigers របស់អាមេរិក បានប្រយុទ្ធរួមជាមួយប្រជាជនចិនប្រឆាំងនឹងហ្វាស៊ីស​។ ​ក្នុងសម័យសង្គ្រាមត្រជាក់ ការទូតប៉េងប៉ុង ដែលត្រូវបានគេស្គាល់ថា «បាល់តូចបង្វិលពិភពធំ» បានបើកផ្លូវឱ្យមានការចាប់ដៃគ្នានៃថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ទាំងនេះបានបង្ហាញថា ទោះបីជាមានភាពខុសគ្នាផ្នែកនយោបាយ និង ប្រព័ន្ធសង្គមក៏ដោយ ក៏ប្រទេសទាំងពីរអាចស្វែងរកចំណុចរួម ដើម្បីបម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិបានដែរ។

តាមរយៈជំនួបនៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកបានមើលឃើញថា ថ្នាក់ដឹកនាំចិនពិតបានត្រៀមខ្លួន រួចជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក​ ដើម្បីជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរ។ សារដែលបានបញ្ជូនទៅកាន់ពិភពលោកគឺច្បាស់ណាស់៖ កិច្ចសហប្រតិបត្តិការ គឺជាវិធីតែមួយគត់សម្រាប់ចិន និងអាមេរិក ហើយប្រទេសទាំងពីរអាចក្លាយជាដៃគូសហប្រតិបត្តិការដ៏ល្អប្រសើរបាន ប្រសិនបើពួកគេគោរពគ្នា ទៅវិញទៅមក និងស្វែងរកផលប្រយោជន៍រួម ។ សេដ្ឋកិច្ចគឺជាផ្នែកមួយ ដែលបង្ហាញយ៉ាងច្បាស់ ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សព្វថ្ងៃ ក្រុមហ៊ុនអាមេរិកជាង៨០,០០០ កំពុងវិនិយោគនៅប្រទេសចិន។ ៨០%នៃអ្នកផ្គត់ផ្គង់សំខាន់ របស់ក្រុមហ៊ុន Apple មានរោងចក្រនៅចិន ខណៈដែល Tesla បាននាំរោងចក្រ Gigafactory នៅសៀងហៃក្លាយជាមូលដ្ឋាន ផលិតកម្មដ៏សំខាន់បំផុតមួយរបស់ខ្លួន។ ទិន្នន័យទាំងនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរមានភាពពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ ហើយការបែកបាក់ ឬការប្រឈមមុខគ្នា នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ជាប្រត្យក្សភាពដែលពិភពលោក រំពឹងទុកនោះគឺ ការរួមគ្នារបស់មហាអំណាចទាំងពីរក្នុងការដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល ការប្រយុទ្ធប្រឆាំង ភេរវកម្ម ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចសកល។ ច្បាស់ណាស់ដែលថា បញ្ហាសកលទាំងនេះ មិនអាចដោះស្រាយបានដោយប្រទេសមហាអំណាចណាមួយ តែឯងឡើយ។ ការណ៍នេះ ការគ្រប់គ្រងភាពខុសគ្នាដោយប្រាជ្ញា និងការពង្រឹងយន្តការពហុភាគី គឺជាផ្លូវតែមួយ សម្រាប់ការពារសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ដែលប្រទេសមហាអំណាចទាំងពីរនឹងរួមគ្នា។

ជារួម មានហេតុផលរាប់ពាន់ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយ ដែលអាចរារាំងការសហការនោះបានឡើយ។ យោងតាមទឡ្ហីករណ៍ប្រវត្តិសាស្ត្រ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល សុទ្ធតែបញ្ជាក់ថា នៅពេលដែលប្រទេសចិននិងប្រទេសអាមេរិកចាប់ដៃគ្នា ពិភពលោកនឹងទទួលបានកាន់តែច្រើននូវថាមពលវិជ្ជមាន សន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top