ព័ត៌មានជាតិ

លោក ខូយ រីដា បន្តចុះពិនិត្យ នូវវឌ្ឍនភាពការងារ តុបតែងលម្អរដើមឈើ និងការកែលម្អរបរិស្ថាន នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចស្ពានថ្មថ្មី ត្រើយខាងកើត រហូតដល់ស្ពានថ្មចាស់់ ក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ បច្ចេកទេសនៃរដ្ឋបាលក្រុងពោធិ៍សាត់ ចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងារតុបតែងលម្អដើមឈើ និងការកែលម្អបរិស្ថាន នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីត្រើយ ខាងកើត រហូតដល់ស្ពានថ្មចាស់។

លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ខ្ពស់លើការកាត់តម្រឹមមែកឈើ ឱ្យមានរបៀបរៀបរយ និង មានសោភ័ណភាពទាក់ទាញ។ ការងារតុបតែងនេះ មិនត្រឹមតែធ្វើឡើង ដើម្បីសម្រស់ក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការថែរក្សាដើមឈើឱ្យមានការលូតលាស់ល្អ និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឬហាត់ប្រាណនៅតាមដងស្ទឹងផងដែរ។

លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយក្រុងពោធិ៍សាត់ ឱ្យទៅជា “ក្រុងដែលមានការអភិវឌ្ឍ និងបរិស្ថានបៃតង”។ លោកអភិបាលខេត្ត តែងតែជំរុញឱ្យអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធ បន្តតាមដាន និងថែទាំសមិទ្ធផលនានា ដែលមានស្រាប់ ព្រមទាំងបង្កើតថ្មីនូវសោភ័ណភាពប្លែកៗ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់មហាជន ។

តាមរយៈការកែលម្អជាបន្ត បន្ទាប់នេះ គេរំពឹងថាច្រាំងស្ទឹងពោធិ៍សាត់ នឹងក្លាយជាគោលដៅទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ឥតឈប់ឈររបស់ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top