លោកបណ្ឌិត កៅ ថាច ចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកសិករ ជាង៥០០នាក់ ក្នុងស្រុកលើកដែកខេត្តកណ្តាល
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានអញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូន ប្រជាកសិករជាង៥០០នាក់ នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ។

ពិធីជួបសំណេះសំណាលនេះ ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុកស្អាង ការិយាល័យកសិកម្មស្រុក មេឃុំទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ៥៣៩នាក់ផ្សេងទៀត។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានសមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល បានដឹងថាបងប្អូនប្រជាកសិករជួបការលំបាកធំៗមួយចំនួន ៖ទី១) បងប្អូនកសិករខ្វះដើមទុនសម្រាប់ធ្វើការងារកសិកម្ម, ទី២) បងប្អូនកសិករធ្វើកសិកម្មបានផលហើយលក់មិនសូវដាច់និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូនក្នុងរដូវខ្លះបានផលនិងពេលខ្លះពុំសូវបានផល ហើយប្រឈមជាមួយនិងការប្រែប្រួលអាកាសធាតុ ។

ស្របពេលកសិកជួបញ្ហា ក្នុងវិស័យកសិកម្ម និងដើម្បីធ្វើកសិកម្មចៀសវាងការខាតបង់ លោកបណ្ឌិត បានលើកលើកទឹកចិត្តដល់កសិករគម្បីស្វែងយល់ការធ្វើកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីធានាតម្លៃកសិផល ។ លើសពីនេះឯកឧត្តម ជំរុញឱ្យកសិករស្វែយល់ពីថ្លៃដើមផលិតឱ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តមុនលក់កសិផលរបស់ខ្លួន បើពុំដូច្នោះទេការធ្វើកសិកម្មរបស់កសិករពិបាកនិងរកប្រាក់ចំណេញ។
ស្ថិតក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហាជាមួយនិងការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្គ្រាម លោកបណ្ឌិត មានប្រសាសន៍ថា ជាពេលវេលាដែលប្រទេសកម្ពុជា មានឱកាសធំក្នុងការផលិតដើម្បីជំនួសឱ្យនាំចូលមកពីខាងក្រៅ និងបង្កើនការផលិតសម្រាប់ការនាំចេញឱ្យបណ្តាប្រទេសដែលមានតម្រូវការ ។ ប្រទេសកម្ពុជាតូចតែប្រជាជនកម្ពុជា ៦៥ភាគរយសុទ្ធតែមានភាពវ័យក្មេងដែលជាកំម្លាំងពលកម្មដ៏សំខាន់ ដែលធនាគារពិភពលោកបានវាយតម្លៃថា នេះវាផលលាភបែបប្រជាសាសន៍របស់ខ្មែរ ត្រូវទាញយកពីផលលាភនេះឱ្យបានច្រើនបំផុត តាមរយៈការធ្វើកសិកម្ម ឧស្សាហកម្មជាដើម។

លោកបណ្ឌិត លើកឡើងថា មុខរបរកសិកម្មនេះវាមិនទៅណាឆ្ងាយពីកម្ពុជា ឬអាចបាត់បង់ទៅណានោះទេ បងប្អូនកសិករនៅអាចធ្វើកសិកម្មដើម្បីឱ្យគ្រួសារមានជីវភាពធូរធារបាន ។ ប៉ុន្តែបងប្អូនត្រូវរកឱ្យឃើញនូវថ្លៃដើមផលិតរបស់ខ្លួន កុំធ្វើកសិកម្មដើម្បីតែការកម្សាន្ត ព្រោះការធ្វើបែបនេះ វាមិនទទួលបានប្រាក់ចំណេញនោះទេ ពិសេសនៅក្នុងដំណាក់កាលជី ចំណីសត្វ និងប្រេងឡើងថ្លៃ ដោយសារសង្គ្រាមនៅតាមតំបន់។

លោកបណ្ឌិតមានប្រសាសន៍ថា ការជួបសំណេះសំណាលនៅថ្ងៃ នៅមានគោលបំណងចង់ផ្សព្វផ្សាយពីសមាគមបណ្តាញកសិកតេជោដល់បងប្អូនឱ្យបានដឹង ដោយសមាគមមួយនេះបង្កើតឡើងមានគោលបំណង៖ទី១) ធ្វើជាស្ពានឱ្យបងប្អូនកសិករដើរឆ្លងនិងតួនាទី២) ធ្វើជាខែលការពារឱ្យបងប្អូនកសិករបាន។

លោកបណ្ឌិត គូសបញ្ជាក់ថា តួនាទីជាស្ពាននេះគឺ បងប្អូនកសិករអាចដើរទៅរកប្រភពទុនផ្នែកហិរញ្ញវត្ថុដើម្បីធ្វើមុខរបរក្នុងវិស័យកសិកម្ម ,បងប្អូនកសិករអាចដើរឆ្លងទៅរកបច្ចេកទេសក្នុងការដាំដុះនិងការចិញ្ចឹម និងធ្វើជាស្ពានសម្រាប់តភ្ជាប់បងប្អូនកសិករទៅរកទីផ្សារផងដែរ៕



