ព័ត៌មានអន្តរជាតិ

លោក ស៊ី ប្រធានាធិបតីចិន ព្រមានលោក ត្រាំ ថា ការគ្រប់គ្រងកោះតៃវ៉ាន់ មិនបានល្អ អាចនាំឱ្យមានជម្លោះ‎

បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការចរចាពាណិជ្ជកម្ម កំពុងមានវឌ្ឍនភាព នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានថា ការមិនចុះសម្រុងគ្នា លើបញ្ហាកោះតៃវ៉ាន់ អាចនាំទំនាក់ទំនងទៅកាន់ផ្លូវគ្រោះថ្នាក់ និងអាចនាំឱ្យមានជម្លោះទៀតផង។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៦ថា ការកត់សម្គាល់របស់មេដឹកនាំចិនលើបញ្ហាកោះតៃវ៉ាន់ គឺជាការព្រមានដ៏ច្បាស់លាស់មួយ ប៉ុន្តែមិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ នៅក្នុងកិច្ចប្រជុំដ៏អធិកអធមមួយ ដែលហាក់ដូចជារួសរាយរាក់ទាក់ និងធូរស្រាល ហើយដែលលោក ត្រាំ បានពិពណ៌នាថាអាចជា “កិច្ចប្រជុំកំពូលដ៏ធំបំផុតមិនធ្លាប់មាន”។

‎ដោយសារចំណាត់ថ្នាក់ នៃការយល់ព្រមរបស់លោក ត្រាំ ត្រូវបានធ្លាក់ចុះដោយសារសង្គ្រាមអ៊ីរ៉ង់របស់លោក ដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិកទៅកាន់គូប្រជែងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់អាមេរិកក្នុងរយៈពេលជិតមួយទសវត្សរ៍ បានក្លាយជាសារៈសំខាន់បន្ថែមទៀត។

‎បន្ទាប់ពីពិធីមួយដែលមានការយាមកិត្តិយស និងក្រុមកុមារគ្រវីផ្កា និងទង់ជាតិយ៉ាងរំភើបនៅឯសាលធំប្រជាជនដ៏គួរឱ្យស្ញប់ស្ញែងរបស់ទីក្រុងប៉េកាំង លោក ត្រាំ បានសរសើរលោក ស៊ី យ៉ាងខ្លាំង នៅពេលដែលពួកគេបានចាប់ផ្តើមកិច្ចពិភាក្សាដែលមានរយៈពេលជាងពីរម៉ោង។
‎ប្រែសម្រួល: ណៃ តុលា

To Top