រដ្ឋមន្ត្រី ហួត ហាក់ ៖ ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកលើងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹង និន្នាការ ទេសចរណ៍សកល ។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារបរិវត្តកម្មឌីជីថល របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប ព្រមទាំងតាមដាន ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែទំនើប ប្រកបដោយនវានុវត្តន៍ និងចីរភាព ក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពង្រឹង ប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជា ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានណែនាំ ឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថា ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការ ទេសចរណ៍សកល និងតម្រូវការ របស់ភ្ញៀវទេសច រនាពេលបច្ចុប្បន្ន និងអនាគត ៕







