ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យឆ្លាក់គំនូរព្រឹត្តិការណ៍ សង្គ្រាមការពារអធិបតេយ្យជាតិ ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រុមការងារ ឆ្លាក់គំនូរព្រឹត្តិការណ៍ នៃសង្គ្រាមការពារអធិបតេយ្យជាតិ ក្នុងឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ ដើម្បីចារជាប្រវត្តិសាស្ត្រ និងជាការឈឺចាប់ នៃសង្គ្រាមផងដែរ។

ការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី បន្ដថា ក្រុមការងាររៀបចំ ឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួន៣ នៅវិមានឈ្នះឈ្នះ បណ្ដាលមកពីការឈ្លានពាន របស់ថៃមកលើកម្ពុជា កាលពីឆ្នាំ២០២៥ ។

សម្តេចធិបតី មានប្រសាសន៍ថា «ខ្ញុំ បានជជែកជាមួយ ឯកឧត្តម ទៀ សីហា សូមឱ្យរៀបចំឆ្លាក់នូវព្រឹត្តិការណ៍ នៃសង្គ្រាមការពារអធិបតេយ្យជាតិ នៅឆ្នាំ២០២៥ ដាក់នៅលើហ្នឹង (នៅវិមានឈ្នះ-ឈ្នះ) ដើម្បីចារជាប្រវត្តិសាស្ត្រ របស់យើង»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ការឆ្លាក់នោះ គឺធ្វើឡើងដោយយកទិដ្ឋភាព៣ គឺទិដ្ឋភាពទី១. ការឈឺចាប់ ព្រោះសង្គ្រាមឈ្លានពាន, ទិដ្ឋភាពទី២. វីរភាពកងកម្លាំងការពារទឹកដី និងទិដ្ឋភាពទី៣. ចលនាមហាគ្រួសារខ្មែរ ចូលរួមគាំទ្រ កងកម្លាំងការពារទឹកដី ។

សូមរំលឹកថា ពាក់ព័ន្ធសង្គ្រាមនេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និង អនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត សេចក្តីប្រកាសរួម​ នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយព្រំដែន ប្រទេសទាំងពីរ ៕

To Top