ព័ត៌មានជាតិ

សម្តេចធិបតី ៖ ទោះកម្ពុជា មានក្តីសង្ឃឹមចរចា ដោយសន្តិវិធីជាមួយថៃ សល់តែ១% ក៏នៅតែបន្ត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះបីជាដំណោះស្រាយ បញ្ហាជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីសល់តែ១ ភាគរយក្តី ក៏សម្តេចនៅតែបន្តដោះស្រាយ តាមយន្តការច្បាប់អន្តរជាតិ។

ការមានប្រសាន៍ របស់សម្តេចធិបតី ក្រោយមានពីបុគ្គលជ្រុលនិយមមួយក្តាប់តូច ដែលបានតាំងខ្លួនជាអ្នកវិភាគ នៅតាមបណ្តាញសង្គម បាននាំគ្នាវិភាគរឿង ជម្លោះព្រំដែនកម្ពុជា-ថៃថា កម្ពុជានៅសល់តែមួយភាគរយ លើការឈ្នះពីប្រទេសថៃ ។

ប៉ុន្តែចំពោះការលើកឡើងបែបនេះ របស់អ្នកវិភាគ ដែលសម្តេចធិបតីហៅថា ជាអ្នកវិភាគបែកពពុះមាត់នោះ ពីក្នុងវេទិកាអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
សម្តេចធិបតី មានប្រសាសន៍ បញ្ជាក់ជាថ្មី ត្រឡប់ទៅវិញថា ទោះបីជាមានឱកាសត្រឹមតែ ១ភាគរយ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្ដិវិធីក៏ដោយ ក៏ត្រូវតែយកយន្តការសន្តិវិធីធ្វើការដោះស្រាយដែរ ជាជាងធ្វើសង្គ្រាមច្បាំងដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា “ខ្ញុំសូមឱ្យយល់ សូមបញ្ជាក់ឡើងវិញថា បើសិនជាការដោះស្រាយ ដោយសន្តិវិធីនៅមានឱកាសសូម្បីតែ១ភាគរយ ដែលយើងអាច នៅបើកទ្វារចូលចរចា បញ្ចប់រឿងការពារបូរណភាពទឹកដី តាមសន្តិវិធីយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ។ ១ភាគរយ នៃលទ្ធភាព ដើម្បីបើកការចរចា មិនទាន់បិទតាមសន្តិវិធី មិនមែន១ភាគរយ នៃការយកឈ្នះគេ ដោយចរចានោះទេ” ។

សម្តេចធិបតីមានប្រសាសន៍ថា អ្នកវិភាគដែលតាំងខ្លួន ជាបណ្ឌិតរឿងវិភាគព្រំដែននេះ មានចំណេះដឹងចាញ់ ប្រជាពលរដ្ឋធម្មតាវិញ ដែលពួកគាត់មានការ យល់ច្បាស់រឿងព្រំដែននេះ ជាងពួកអស់លោកបណ្ឌិតទាំងឡាយទៀត ៕

To Top