ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ចាប់ផ្តើមអនុញ្ញាតឱ្យនាវាចិនមួយចំនួន​ អាចឆ្លងកាត់ច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ ចាប់តាំងពីយប់ថ្ងៃពុធមក វាអាចទៅរួចសម្រាប់នាវាចិនមួយចំនួន​ ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយអនុលោមតាមពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់។

អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨​ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដល់នាវា​ ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។

ទន្ទឹមនឹងនេះដែរសារព័ត៌មាន Fars បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដោយថា នាវាចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីយប់ថ្ងៃពុធ។

មន្ត្រីរូបនេះបានបន្ថែមថា ប្រទេសផ្សេងៗគ្នាបានទទួលយកផ្លូវដែលកំណត់ ដោយអ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស គឺបើកចំហសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ ដរាបណាពួកគេសហការជាមួយកងកម្លាំងជើងទឹកអ៊ីរ៉ង់​ ដើម្បីឆ្លងកាត់តាមផ្លូវទឹកនេះ។

លោកបានបន្ដថា អ៊ីរ៉ង់​ មិនបានបង្កឧបសគ្គណាមួយ ដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនោះទេ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​ គឺជាអ្នកដែលបានដាក់ចេញនូវការបិទផ្លូវនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top