សភាឌូម៉ារុស្ស៊ី អនុម័តច្បាប់ការពារពលរដ្ឋរបស់ខ្លួន ពីភាពអយុត្តិធម៌ របស់លោកខាងលិច ដោយអនុញ្ញាឧ្យប្រធានាធិបតី អាចដាក់ពង្រាយកងទ័ពបាន
មូស្គូ៖ សភាឌូម៉ារុស្ស៊ី បានអនុម័តច្បាប់នីតិបញ្ញត្តិ ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារពលរដ្ឋរុស្ស៊ី ពីភាពអយុត្តិធម៌របស់លោកខាងលិច ។
សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភាឌូម៉ា បានឧ្យដឹងថា យោងតាមច្បាប់ដែលបានអនុម័ត ប្រធានាធិបតីរុស្ស៊ី អាចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីការពារពលរដ្ឋរបស់ខ្លួនដែលត្រូវបាន “ចាប់ខ្លួន ឃុំខ្លួន ឬទទួលរងនូវការចោទប្រកាន់ព្រហ្មទណ្ឌ ឬការចោទប្រកាន់ផ្សេងទៀតដោយផ្អែកលើការសម្រេចចិត្តរបស់តុលាការបរទេស ឬស្ថាប័នតុលាការអន្តរជាតិ ដែលរុស្ស៊ីមិនចូលរួម”។
ប្រភពបានឧ្យដឹងថា យុត្តិធម៌លោកខាងលិច បានប្រែក្លាយទៅជាម៉ាស៊ីន បង្ក្រាប សម្រាប់ដាក់ទណ្ឌកម្មអ្នក ដែលមិនយល់ស្របនឹងការសម្រេចចិត្ត ដែលដាក់ដោយសហភាពអឺរ៉ុប ។
ប្រធានសភាឌូម៉ាលោក Vyacheslav Volodin បានឧ្យដឹងថា “ក្នុងលក្ខខណ្ឌទាំងនេះ វាជាការសំខាន់ណាស់ដែលត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថាពលរដ្ឋរបស់យើងនៅបរទេសត្រូវបានការពារ” ដោយកត់សម្គាល់ថាច្បាប់នេះគឺចាំបាច់ ដើម្បីការពារជនជាតិរុស្ស៊ី ពីភាពអយុត្តិធម៌របស់លោកខាងលិច។
ឯកសារនេះនៅតែត្រូវការការអនុម័តពីក្រុមប្រឹក្សាសហព័ន្ធ មុនពេលដាក់ជូនប្រធានាធិបតី ដើម្បីចុះហត្ថលេខា៕
ប្រែសម្រួល ឈូក បូរ៉ា
