សម្តេចធិបតី ៖ គ្មានអ្នកណា សុខចិត្តលុតជង្គង់ កាត់ដីឱ្យគេទេ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងនាមជាមេដឹកនាំ គ្មានអ្នកណាសុខចិត្តលុតជង្គង់ កាត់ទឹកដីខ្លួន ទៅឱ្យប្រទេសផ្សេងនោះទេ ។
ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី សង្កត់ធ្ងន់ថា វីរភាពរបស់កងទ័ពកម្ពុជាដែលបូជាជីវិត ចោលប្រពន្ធកូន អ្នកខ្លះប្រពន្ធកំពុងពពោះ និងមានប្រពន្ធកូនខ្ចី ក្នុងការការពារបូរណភាពទឹកដីកម្ពុជា គឺគិតជាមហាកិត្តិយស សម្រាប់ជាតិយ៉ាងធំធេងសម្រាប់ជាតិ ។ ក្នុងនោះ រួមទាំងការលះបង់របស់គ្រួសារដែលបានគាំទ្រឱ្យប្តី ទៅការពារទឹកដី ពីសត្រូវឈ្លានពាននាពេលកន្លងមក ក៏បានរួមចំណែកជួយជាតិមាតុភូមិផងដែរ ។
នាយករដ្ឋមន្រ្តីបន្ថែមថា ស្រ្តីដែលមេម៉ាយដោយសារប្តីត្រូវបូជាជីវិត ការពារទឹកដី ពួកគាត់ពិតជាមានការឈឺចាប់ជាខ្លាំង ដោយសារតែបាត់បង់ប្តី ជាទីស្រឡាញ់ និងជាជំហរគ្រួសារដ៏រឹងមាំ ។
សម្តេចធិបតីបញ្ជាក់ថា “តែក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា កម្ពុជា១៧លាននាក់ គ្មានពីណាលុតជង្គង់កាត់ដីឱ្យគេនោះទេ ១០-២០ឆ្នាំទៀត ៣០លាននាក់ ៥០លាននាក់ ប្រជាជនយើងនឹងកើន គឺយើងចង់បានតែការពារទឹកដីស្របច្បាប់ របស់យើងតាមវិធីសាស្រ្ត ។ ខ្ញុំជឿថា ជម្រើសធំបំផុត គឺវិធីសាស្រ្តមិនបង្ហូរឈាម ដោះស្រាយទៅឱ្យបានយូរ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា កម្ពុជាបានស្ងប់ស្ងាត់ ដោយសារសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែជាអកុសល កាលពីឆ្នាំ២០២៥បែរជាប្រជាជនកម្ពុជាបានជួបប្រទះនឹងភ្នក់ភ្លើងសង្គ្រាមម្តងទៀត ដែលបង្កឡើងដោយយោធាថៃទៅវិញ ដែលបានធ្វើឱ្យវីរកងទ័ព ប្រជាពលរដ្ឋស្លូតត្រង់ទាំងក្មេង-ចាស់ បានស្លាប់និងរងបួសជាច្រើននាក់ ។ ក្នុងនោះក៏មានជនភៀសសឹករស់នៅតាមជំរំនានាផងដែរ ដែលពួកគាត់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានខ្លួនវិញ ៕
