ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ការពង្រឹងប្រព័ន្ធព័ត៌មាន សុខាភិបាល មានសារៈសំខាន់

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញថា ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល គឺមានសារៈសំខាន់សម្រាប់ការកសាង ប្រព័ន្ធថែទាំសុខភាព ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ ។

ការលើកឡើងបែបនេះ របស់លោក សាស្រ្តាចារ្យ ឈាង រ៉ា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ណែនាំជាជំហរ ឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែមក្នុងការត្រៀមចូលរួមសន្និបាត សុខភាពពិភពលោក លើកទី៧៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបញ្ជាក់ថា ការចូលរួមសន្និបាតសុខភាពពិភពលោកលើកទី៧៩ ក៏ដូចរាល់ឆ្នាំ កម្ពុជានឹងចែករំលែកបទពិសោធន៍ ផ្តល់យោបល់ និងបង្ហាញនូវសមិទ្ធផល ដែលសម្រេចបានក្នុងវិស័យសុខាភិបាលកម្ពុជា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តោតលើប្រធានបទសំខាន់ៗ ដែលមាននៅក្នុងសន្និបាតសុខភាពពិភពលោក ដូចជា ៖ ការប៉ះទង្គិចខួរក្បាល , ប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល , និរន្តរភាពហិរញ្ញប្បទានសុខាភិបាល , សុខភាពផ្លូវចិត្ត , ការថែទាំសុខភាពបឋម។ បន្ថែមពីនេះ ប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួមនូវព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន ៖ កិច្ចប្រជុំបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង , មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ , ជំនួបទ្វេភាគីជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច , គណៈគិលានុបដ្ឋាកអន្តរជាតិ និងជំនួបទ្វេភាគីក្រសួងសុខាភិបាលជប៉ុន។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខ្លឹមសារបច្ចេកទេស ឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយសុខាភិបាលឱ្យស្របតាមស្តង់ដាអន្តរជាតិ ៕

To Top