ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន និងភរិយា ដឹកនាំគណៈប្រតិភូ អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន ព្រះអនុគណ ស្រុកសាមគ្គីមានជ័យ និងជាព្រះចៅអធិការវត្តត្បែងខ្ពស់

កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី វង គន្ធារី ឆាយឫទ្ធិសែន បានដឹកនាំគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធាន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៨ នៃសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន ព្រះអនុគណស្រុកសាមគ្គីមានជ័យ និងជាព្រះចៅអធិការវត្តត្បែងខ្ពស់ បានទទួលអនិច្ចធម្ម កាលពីថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ ក្នុងព្រះជន្មាយុ ៨៤ ព្រះវស្សា ដោយរោគាពាធ។

ក្នុងវេលាប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានសម្ដែងនូវការសោកស្តាយ និងសូមចូលរួមរំលែក នូវមរណទុក្ខជាមួយ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ វត្តត្បែងខ្ពស់ ព្រមទាំងក្រុមគ្រួសារនៃព្រះសព ចំពោះការបាត់បង់នូវឥស្សសមណសង្ឃ ពហុស្សូត និងជាសមណសត្យបុត្តដ៏ឆ្នើមមួយព្រះអង្គ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុចូលរួម ចំណែកលើកស្ទួយតម្លៃវប្បធម៌ជាតិ និងព្រះពុទ្ធសាសនា។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានឧទ្ទិសមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសាលសីលគុណ ឱម អៀន សូមបាននិមន្តទៅ ចាប់បដិសន្ធិក្នុងឋានបរមសុខ គឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ៕

To Top