ព័ត៌មានជាតិ

ក្រសួងការងារ ផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ស្តីពីក្រុមប្រឹក្សា អាជ្ញាកណ្តាល ជូនដល់តំណាងអង្គការ វិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក

ភ្នំពេញ ៖ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត Zoom ដោយមានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក សរុបចំនួន ២២៤នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានបញ្ជាក់អំពី សារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ដែលមានគោលបំណង ១-ណែនាំអំពីខ្លឹមសារ ប្រកាសលេខ០៩៨/២៦ ដែលកំណត់អំពីនីតិវិធី នៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និង២-ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជក អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការបានណែនាំ ឱ្យតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជកបន្តសិក្សាឈ្វេងយល់បន្ថែមឱ្យបានច្បាស់លាស់អំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែក ក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។

លោករដ្ឋលេខាធិការក៏ បានលើកទឹកចិត្តឱ្យភាគី ពាក់ព័ន្ធប្រើប្រាស់នូវយន្តការដែលមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធចៀសវាងការ អនុវត្តខុសនីតិវិធីច្បាប់៕

To Top