ច្រកសមុទ្រហ័រមូស គួរតែត្រូវបានបើកឡើងវិញ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន
ប៉េកាំង៖ ប្រទេសចិនបានអះអាងថា ដោយផ្អែកលើការរក្សាបទឈប់បាញ់ ច្រកសមុទ្រហ័រមូស គួរតែត្រូវបានបើកឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក្នុងពេលជាមួយគ្នានេះ ជឿជាក់ថា ដំណោះស្រាយជាមូលដ្ឋាន ចំពោះបញ្ហាទាក់ទងនឹងច្រកសមុទ្រនេះ គឺស្ថិតនៅក្នុងការសម្រេចបាននូវបទឈប់បាញ់អចិន្ត្រៃយ៍ និងទូលំទូលាយ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី ។
លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីកិច្ចប្រជុំលោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ដែលទើបតែបញ្ចប់នៅទីក្រុងប៉េកាំង ដោយបន្ថែមថា ប្រទេសចិន លើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឱ្យបន្តដោះស្រាយភាពខុសគ្នា និងជម្លោះរបស់ពួកគេ រួមទាំងជម្លោះទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ តាមរយៈការចរចា។
លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន បានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព ហើយនឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងការជំរុញឱ្យមានការបញ្ចប់សង្គ្រាមឱ្យបានឆាប់ និងស្តារសន្តិភាពឡើងវិញនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
