តុលាការកំពូលប្រេស៊ីល បើកការស៊ើបអង្កេត លើការផ្តល់មូលនិធិ សម្រាប់ខ្សែភាពយន្ត របស់អតីតប្រធានាធិបតី
ប្រេស៊ីល ៖ តុលាការសហព័ន្ធកំពូលប្រេស៊ីល បានបញ្ជាឱ្យមានការស៊ើបអង្កេតលើលទ្ធភាព នៃការបង្វែរមូលនិធិសភាទៅជាគម្រោងវប្បធម៌ រួមទាំងខ្សែភាពយន្តអំពីអតីតប្រធានាធិបតីលោក Jair Bolsonaro។ បទបញ្ជានេះត្រូវបានចេញដោយចៅក្រម Flavio Dino បន្ទាប់ពីពាក្យបណ្តឹង ដែលបានដាក់កាលពីដើមឆ្នាំនេះដោយសមាជិកសភា Tabata Amaral មកពីគណបក្សសង្គម និយមប្រេស៊ីល។
លោក Amaral បានចោទប្រកាន់ថា មូលនិធិសាធារណៈដែលបានបែងចែកតាមរយៈវិសោធនកម្មសភាអាចត្រូវបានប្រើប្រាស់ សម្រាប់ទីផ្សារបោះឆ្នោត និងខ្លឹមសារសោតទស្សន៍ដែ លភ្ជាប់ទៅនឹងលោក Bolsonaro ដែលកំពុងជាប់ពន្ធនាគារពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។ យោងតាមពាក្យបណ្តឹង សមាជិកសភាជាច្រើនរូបមកពីគណបក្សសេរីនិយមរបស់លោក Bolsonaro ត្រូវបានចោទប្រកាន់ថា បានផ្ទេរប្រាក់សរុបចំនួន ៥១៤,០០០ អាមេរិក ពីវិសោធនកម្មសភា។
ករណីនេះបានកើតឡើងចំពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សមាជិកព្រឹទ្ធសភា Flavio Bolsonaro ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតី បានស្វែងរកប្រាក់ចំនួន ២៥ លានដុល្លារពីធនាគារិកឯកជនមួយរូប ដែលកំពុងជាប់ពន្ធនាគារពីបទក្លែងបន្លំ។
ថវិកាទាំងនេះត្រូវបានគេរាយការណ៍ថាមានបំណងសម្រាប់ខ្សែភាពយន្តមួយដែលមានចំណងជើងថា “សេះខ្មៅ” អំពីជីវិតរបស់លោក Bolsonaro។ អាជ្ញាធរប្រេស៊ីលកំពុងស្វែងរកការកំណត់ថាតើមូលនិធិថវិកាសាធារណៈត្រូវបានភ្ជាប់ដោយខុសច្បាប់ទៅនឹងការផ្តល់ហិរញ្ញប្បទានដល់ការផលិតឬអត់។ ករណីនេះនៅតែស្ថិតក្រោមការបិទបាំងនៅឡើយ ខណៈពេលដែលភស្តុតាងកំពុងត្រូវបានប្រមូល៕
ប្រែសម្រួល ឈូក បូរ៉ា
