អគ្គនាយកធនាគារ ARDB អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាល នៃគណៈអភិបាលស្រុកកោះធំ លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ រួមទាំង ប្រជាកសិករសរុបប្រហែលចំនួន ៥០០នាក់។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុតគឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ ជូនបងប្អូនប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យកសិកម្ម ក្នុងបរិបទពិភពលោកដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងអ៊ុយក្រែន មិនមែន ប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ វាបានប៉ះពាល់នៅទូទាំងពិភពលោក។ លោកបណ្ឌិត ពន្យល់ទៀតថា សង្គ្រាមនៅមជ្ឈឹមបូព៌ា និងអ៊ុយក្រែននេះ បានរុញឱ្យតម្លៃប្រេងឥន្ទនៈ ជី និងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ដែលនេះមិនទាន់បានគិតដល់ការឡើងថ្លៃចំណីអាហារនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ។

លោកបណ្ឌិត បន្ថែមទៀតថា ការលើកឡើងពីវិបត្តិទាំងពីរខាងលើនេះ គឺចង់ជម្រាបជូនបងប្អូនកសិករនៅក្នុងស្រុកកោះធំនេះ ដើម្បីត្រៀមខ្លួនរកដំណោះស្រាយទុកជាមុន ។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងថែមទៀតថា វិស័យកសិកម្ម មិនមែនជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់នាពេលបច្ចុប្បន្ននេះទេ គឺ វិស័យនេះ គឺជាវិស័យដ៏សំខាន់បំផុត និងត្រូវបានអនុវត្តចាប់តាំងពីសម័យអង្គរមកម៉្លេះ ព្រោះវាជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ និងមានភស្តុតាងជាច្រើននៅក្នុងតំបន់អង្គរ។

ត្រង់ចំណុចនេះដែរ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា មិនថានៅក្នុងសម័យអង្គរ និងបច្ចុប្បន្ននេះទេ វិស័យកសិកម្ម និងកសិករ គឺរួមរស់នៅជាមួយគ្នាជារៀងរហូត គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ដែលនេះបង្ហាញថា ជាសត្យានុម័ត និងមិនអាចប្រកែកបាន។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានពន្យល់ដល់កសិករទៀតថា រឿងកសិកម្មដែលមានតម្លៃទាប ដែលបញ្ហាប្រឈមនេះគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មត្រូវបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀងដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈ និងជីឡើងថ្លៃ ធ្វើឱ្យថ្លៃផលិតក្នុងវិស័យកសិកម្មបានតម្លៃខ្ពស់ ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យរួបរួមគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស្តដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុកដល់អ្នកបរិភោគ ។ បើមិនទាន់ចេះពីការផលិតទេ កសិករអាចស្វែងរកនៅលើបណ្តាញសង្គមយូធូបពីនីតិវិធីនៃការផលិតបាន ។ ត្រង់ចំណុចនេះ លោកបណ្ឌិតចាត់ទុកថា វាជា«បណ្ណាល័យពិភពលោក»ដែលកសិករអាចស្វែងរកព័ត៌មានផ្សេងៗបានជាច្រើន ។
លើសពីនេះទៀត លោកបណ្ឌិត ប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតដើមក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។

ជាមួយគ្នានោះ លោកបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។

ក្នុងការរកដំណោះស្រាយបញ្ហាទុនសម្រាប់ធ្វើវិស័យកសិកម្មរបស់កសិករនៅក្នុងស្រុកកោះធំ ដែលមិនមានទ្រព្យបញ្ចាំ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជំរើសដ៏ល្អមួយសម្រាប់បងប្អូនប្រជាកសិករ ដែលមិនទាន់មានធនាគារក្នុងស្រុកណាមួយដូច ព្រោះបានបង្កើតឱ្យមានត្រីភាគី ដើម្បីដោះស្រាយបញ្ហាផលិតផលកសិកម្មឱ្យមាន ការផលិត និងទីផ្សារក្នុងតម្លៃមួយសមរម្យ។
សូមបញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម៕

