ព័ត៌មានជាតិ

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផ្លាស់ប្តូរឥរិយាបថពលរដ្ឋ រាប់លាននាក់ ឱ្យស្រឡាញ់ និងសម្អាតបរិស្ថាន

ភ្នំពេញ ៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញដោយ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កំពុងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ គិតត្រឹមដើមឆ្នាំ២០២៦ មានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ៧ លាននាក់ បានចូលរួមអនុវត្តផ្ទាល់ ប្រែក្លាយសកម្មភាព ទៅជាចលនាជាតិដ៏ផុសផុល ដើម្បីភាពស្អាតនៅតាមមូលដ្ឋាន នៅទូទាំងប្រទេស ដោយបានផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ឱ្យងាកមកស្រឡាញ់ និងសម្អាតបរិស្ថានតាមដងផ្លូវ និងសហគមន៍។

រយៈពេល២ឆ្នាំកន្លងមកនេះ ការចូលរួមជាកម្លាំងសរុប ការអនុវត្តនោះគឺថាការធ្វើសកម្មភាពរួមគ្នាយ៉ាងតិចរយៈពេល ១៥ នាទី រៀងរាល់ថ្ងៃសៅរ៍ ឬ ១ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងភូមិ ឃុំ ស្រុក ឬខេត្ត ចេញមកប្រមូលរើសសំរាម និងសំណល់ប្លាស្ទិកជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈចំនួនយ៉ាងតិចមួយថ្ងៃក្នុងមួយសប្តាហ៍។ ហើយយុទ្ធនាការបានទាក់ទាញការចូលរួមពីសាធារណជន ប្រមាណ២ម៉ឺននាក់ ក្នុងមួយថ្ងៃ។

ចលនាបានចូលរួមពិសេសទៀតនោះ គឺការលុបបំបាត់សំរាមតាមដងផ្លូវជាតិ និងសហគមន៍។ យុទ្ធនាការនេះមិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យមានការសហការ រវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។

យុទ្ធនាការនេះបានជំរុញបន្ថែមផែនការសម្អាត តាមរយៈយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលបានសម្អាតផ្លូវជាតិចំនួន ៩៤,១២% នៅលើផ្លូវជាតិគោលដៅនៅទូទាំងប្រទេស ក្នុងនោះខ្សែផ្លូវដែលស្អាតពី ៨០-១០០% មាន៧៥% ។ យុទ្ធនាការនេះបានដើរទន្ទឹមគ្នានឹងកម្មវិធី «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយបានប្រែក្លាយសកម្មភាពរើសសំរាមឱ្យទៅជាចលនា ចលនាទៅជាទម្លាប់ និងទម្លាប់ទៅជាវប្បធម៌ រស់នៅស្អាតចេញពីបេះដូង។

ជារួម ក្រសួងបរិស្ថាន បានទទួលការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ កាត់បន្ថយថង់ប្លាស្ទិកហើរតាមផ្លូវ កាត់បន្ថយការបោះចោលពាសវាលពាសកាល ដែលធ្វើឱ្យទីប្រជុំជន ក្រុង និងដងផ្លូវធំៗមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមរាយប៉ាយដូចមុន។ លើសពីនេះ ការផ្តល់ធុងសំរាម (ធុងសម្រាប់ប្លាស្ទិក និងធុងសំរាមទូទៅ) ដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព រាប់ពាន់កន្លែង ដើម្បីពង្រឹងរចនាសម្ព័ន្ធញែកសំរាមនិងសំណល់ប្លាស្ទិក នៅទូទាំងប្រទេស។

យុទ្ធនាការរបស់ក្រសួងបរិស្ថាន បានផ្តល់ឱកាសដល់ការចូលរួមនិងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ដូចជាការកែច្នៃសំរាមនិងសំណល់ប្ហលាស្ទិកប្រមូលបានពីយុទ្ធនាការ ត្រូវបានយកទៅកែច្នៃជាសម្ភារៈប្រើប្រាស់ និងអាចប្រមូលបានថវិកាដែលបានមកពីការលក់ ត្រូវបានយកទៅឧបត្ថម្ភការសិក្សារបស់សិស្ស-និស្សិតនៅតាមជនបទ៕

To Top