AOT ចុះសង្កេតការណ៍នៅតាមព្រំដែន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង ខ័ណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត
ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និង ដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុ ជាជាច្រើន គ្រួសារមិនទាន់អាច វិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញ បាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ ចូលជាធរមានផងដែរ។

យោងតាមក្រសួងការពារជារិ បានឱ្យដឹងថា ការចុះសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃ កាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង ខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំនុចទីបី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើង អាចវិលត្រលប់ទៅលំនៅដ្ឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។





