កម្ពុជាជាប់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិ ដ៏ល្អបំផុត លើពិភពលោក
ភ្នំពេញ ៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា របាយការណ៍ ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ចំពោះភាពជោគជ័យនេះ របស់ប្រជាជននិងប្រទេសកម្ពុជា លើវិស័យបរិស្ថាននិងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ។
លោក រដ្ឋមន្រ្តីបន្ថែមថា ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីកត្តាស្នូល ដែលបានដឹកនាំការពារ និងរៀបចំគ្រឹះវិស័យបរិស្ថានបានយ៉ាងល្អប្រសើរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលការងារ និងកិត្យានុភាពទាំងនេះ គឺជាកេរមរតកដ៏មានតម្លៃ ដែលបន្តវេនមកដល់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ដឹកនាំ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់ ក្នុងការជំរុញកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានបង្កើតបានសមិទ្ធផលថ្មីៗ លើវិស័យបរិស្ថាននិងធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យបន្តទៀត៕
