លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ ឱ្យធ្វើសកម្មភាព យ៉ាងឆាប់រហ័ស ដោយអាមេរិក កំពុងពិចារណា ជម្រើសយោធាឡើងវិញ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា “ពេលវេលាកំពុងដើរលឿន” សម្រាប់អ៊ីរ៉ង់ ដោយគំរាមកំហែងម្តងទៀតថា ប្រទេសនេះនឹងគ្មានអ្វីនៅសល់ឡើយ ប្រសិនបើថ្នាក់ដឹកនាំរបស់ខ្លួន មិនធ្វើសកម្មភាព្យបានឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអាមេរិករូបនេះ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា “សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរលឿន ណាស់ ហើយពួកគេគួរតែធ្វើសកម្មភាពឲ្យបានលឿន ឬនឹងគ្មានអ្វីនៅសល់ សម្រាប់ពួកគេនោះទេ។ ពេលវេលាគឺជារឿងសំខាន់!”។
នៅថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំពីអ៊ីរ៉ង់ ខណៈដែលសេតវិមាន កំពុងថ្លឹងថ្លែងជម្រើសសម្រាប់សកម្មភាពយោធាឡើងវិញប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមសន្តិសុខជាតិ របស់លោកនៅឯសេតវិមាននៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជម្រើសយោធា នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប៕
ប្រែសម្រួល ឈូក បូរ៉ា
