សហរដ្ឋអាមេរិក បដិសេធមិនផ្តល់សម្បទាន ជាក់ស្តែង ចំពោះសំណើសន្តិភាព ចុងក្រោយរបស់អ៊ីរ៉ង់
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានដាក់ចេញនូវលក្ខខណ្ឌ «អតិបរមានិយម» ដើម្បីឆ្លើយតបទៅនឹងសំណើ សន្តិភាពចុងក្រោយ របស់ទីក្រុងតេអេរ៉ង់ ដោយបដិសេធមិនផ្តល់សម្បទាន «ជាក់ស្តែង» ណាមួយឡើយ។
ទីភ្នាក់ងារសារព័ត៌មាននេះបានចុះផ្សាយថា សហរដ្ឋអាមេរិកស្វែងរកការទទួលបានសម្បទានដែលខ្លួនមិនទទួលបានពីអ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាម ៤០ថ្ងៃប្រឆាំងនឹងប្រទេសនេះ ដោយមិនផ្តល់សម្បទានជាក់ស្តែងណាមួយជាថ្នូរឡើយ។
ប្រភពបានបន្ថែមថា អ៊ីរ៉ង់នឹងចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក លុះត្រាតែទីក្រុងវ៉ាស៊ីនតោនចាត់វិធានការកសាងទំនុកចិត្ត រួមទាំងការបញ្ចប់សង្គ្រាមនៅគ្រប់វិស័យ ជាពិសេសប្រទេសលីបង់ ការលើកលែងទណ្ឌកម្ម ការដោះលែងទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ ការបង់សំណងសម្រាប់ការខូចខាតសង្គ្រាម និងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។
ប្រភពរាយការណ៍ថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អ៊ីរ៉ង់ សហរដ្ឋអាមេរិកបានទាមទារលក្ខខណ្ឌ «អតិបរមានិយម» បដិសេធសំណង ឬការដោះលែងទ្រព្យសម្បត្តិណាមួយ និងទទូចឱ្យអ៊ីរ៉ង់ ផ្ទេរឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៤០០គីឡូក្រាមទាំងមូលរបស់ខ្លួនទៅសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍នេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានទាមទារឱ្យមានការរឹតបន្តឹងរយៈពេលវែងលើវិស័យនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានចងភ្ជាប់ការបញ្ឈប់ការប្រយុទ្ធណាមួយរហូតដល់ការចាប់ផ្តើមនៃការចរចា។ អ៊ីរ៉ង់បានផ្ញើការឆ្លើយតបរបស់ខ្លួនចំពោះអត្ថបទចុងក្រោយបំផុតដែលស្នើឡើងដោយសហរដ្ឋអាមេរិកសម្រាប់បញ្ចប់សង្គ្រាមទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាននៅថ្ងៃទី ១០ ខែឧសភា។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រ កាសែតអ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា សហរដ្ឋអាមេរិកបានបដិសេធសំណើសន្តិភាព ១៤ ចំណុចរបស់អ៊ីរ៉ង់ ដោយបញ្ជាក់ម្តងទៀតនូវ “ជំហរបង្ខិតបង្ខំរបស់ខ្លួន ជាពិសេសទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
