ក្រសួងទេសចរណ៍ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្រិតខ្ពស់ ក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅ ទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ។

ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិ បានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។

ក្នុងដំណើរបេសកកម្មនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី រួមជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែង នៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាត ក្នុងទឹកដីខេត្តពោធិ៍សាត់។ ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពល របស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក «ខ្មែររួមគ្នា ខ្មែរខ្លាំង»។ ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តជំរុញ នូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សា របស់លោករដ្ឋមន្ត្រី ហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេង នៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើងនៃការវិនិយោគ លើវិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់ មុខមាត់វិស័យទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន ៣២ ដែលត្រូវបានរចនាឡើងសម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋាន ដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញ លាតត្រដាងដោយធម្មជាតិ។ រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសា អង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យ ទេសចរណ៍របស់កម្ពុជា៕







