DAP News
ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ស្វែងរកការបំបែកបំបាក់ ក្នុងចំណោមរដ្ឋមូស្លីម

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល តែងតែស្វែងរកការបង្វែររដ្ឋមូស្លីម ឱ្យប្រឆាំងនឹងគ្នាទៅវិញទៅមក តាមរយៈការបង្កើតការបែកបាក់ និងការមិនទុកចិត្តក្នុងចំណោមពួកគេ។

ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ដែលកំពុងបំពេញទស្សនកិច្ច លោក Pezeshkian បានឲ្យដឹងថា អ៊ីរ៉ង់ស្វែងរក «ទំនាក់ទំនងស្និទ្ធស្នាល និងយូរអង្វែង ដោយផ្អែកលើភាពជាអ្នកជិតខាងល្អ» ជាមួយរដ្ឋមូស្លីមនៅក្នុងតំបន់អាស៊ីខាងលិច នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ីរ៉ង់។

លោកបានលើកឡើងថា គោលនយោបាយគោលការណ៍របស់អ៊ីរ៉ង់ គឺផ្អែកលើការពង្រីកចំណងមិត្តភាពជាមួយរដ្ឋជិតខាង និងតំបន់ ដោយជំរុញឱ្យប្រទេសធំៗនៃពិភពមូស្លីមជួយបង្កើតសន្តិភាព សន្តិសុខ និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងអន្តរកម្ម។

លោក Pezeshkian បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការបង្កើត និងពង្រឹងបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងនយោបាយបែបនេះនឹងជួយពង្រឹងសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ នៅក្នុងនោះដែរលោកបានថ្កោលទោសចំពោះ «ការឈ្លានពាន» របស់យោធាអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និង «ឧក្រិដ្ឋកម្មធំៗ» ដែលបានប្រព្រឹត្តក្នុងអំឡុងពេលវាយប្រហាររបស់ពួកគេ។

ចំណែកលោក Naqvi វិញ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការជួយបញ្ចប់ជម្លោះ និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ខណៈពេលដែលបានសង្កត់ធ្ងន់លើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនដ៏ជ្រាលជ្រៅរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។ លោកបានលើកឡើងថា ចំណងទំនាក់ទំនង «ជិតស្និទ្ធ និងជាបងប្អូន» របស់ប្រទេសទាំងពីរបានកើនឡើងខ្លាំងជាងពេលណាៗទាំងអស់។

នៅថ្ងៃអាទិត្យនេះផងដែរ លោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានព្រមានថា សហរដ្ឋអាមេរិក ត្រូវតែទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ ឬ «ចុះចាញ់» ចំពោះមីស៊ីលរបស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top