បណ្ណាល័យ មេគង្គ-ឡានឆាង ទី២ ទទួលបានការចាប់អារម្មណ៍ ពីមូលនិធិចិន ចំនួន២
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ តំណាង មូលនិធិ ចិន Peaceland និងមូលនិធិចិនដេីម្បីអភិវឌ្ឍជនបទ បានអញ្ជើញទស្សនកិច្ចបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីឈ្វេងយល់ពីដំណើរការអភិវឌ្ឍ វិស័យអំណាន និងការលើកកម្ពស់បរិយាកាសសិក្សា សម្រាប់សិស្សានុសិស្សនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោក Liu Wenzhi តំណាង មូលនិធិ ចិន Peaceland និង លោក Zhang Shenyue តំណាង មូលនិធិ ចិន ដើម្បី អភិវឌ្ឍ ជនបទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សជាច្រើនរូប។ កម្មវិធីទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ភាគីចិន ចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការគាំទ្រដល់វិស័យអប់រំ និងវប្បធម៌អំណាននៅតំបន់ជនបទ។ ជាមួយគ្នានេះ តាមរយៈឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ទេីបមូលនិធិ ចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានផ្តល់អំណោយសម្ភាកីឡា ចំនួន៧ឈុតជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ។

ក្នុងនាមប្រជាជនស្រុកស្អាង និយាយ រួម សិស្សានុសិស្ស នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង លោក សេន ស៊ុបផាអ៉ី អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ថា ក្រោមជំនួយពីមជ្ឈមណ្ឌលបោះពុម្ពផ្សាយសៀវភៅអន្តរជាតិរបស់ប្រទេសចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទេីបបណ្ណាល័យមេគង្គ-ឡានឆាង ទី២ ត្រូវបានកសាងឡេីងក្នុងគោលបំណងបង្កើតបរិយាកាសអំណានដ៏ទាក់ទាញ សម្រួលដល់ការសិក្សាស្រាវជ្រាវ និងជំរុញទម្លាប់អានសៀវភៅក្នុងចំណោមកុមារ និងយុវជន។ តាមរយៈការកែលម្អសោភណភាពបណ្ណាល័យ និងការបំពាក់សម្ភារៈអំណាន បណ្ណាល័យនេះកំពុងក្លាយជាកន្លែងសិក្សាមួយដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សក្នុងសហគមន៍។

លោក ឡាវ វ៉ាន់ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ស្ថានទូតចិន ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍបណ្ណាល័យនៅមូលដ្ឋាន ។ លោកបានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ និងអំណាន គឺជាការវិនិយោគលើអនាគតធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ។

ទស្សនកិច្ចរបស់មូលនិធិចិនទាំងពីរ ពេញមួយព្រឹកនេះ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ជាពិសេសក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបន្តផ្តោតលើការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ និងការលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕





