DAP News
ព័ត៌មានជាតិ

ក្រសួងការងារ ពង្រឹងសមត្ថភាពអធិការការងារ ក្នុងការត្រួតពិនិត្យ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក​ សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង សមត្ថភាពអធិការការងារ ក្នុងការត្រួតពិនិត្យលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់។

វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយវិទ្យាស្ថានជាតិការងារ នែក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោងភាពជាដៃគូអង្គការអន្តរជាតិខាងការងារ-សាធារណរដ្ឋកូរ៉េ(ILO-Korea)។

វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖
ទី១. ការកណត់គ្រោះថ្នាក់ការងារ និងហានិភ័យការងារក្នុងការដ្ឋានសំណង់
ទី២. បច្ចេកទេស និងនីតិវិធីធ្វើអធិការកិច្ចលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់
ទី៣. បង្ការគ្រោះថ្នាក់ការងារធ្លាក់ពីទីខ្ពស់ ឆក់ និងរលំអគារ
ទី៤. ការប្រើប្រាស់គ្រឿងម៉ាស៊ីន និងសម្ភារបរិក្ខារសាងសង់ប្រកបដោយសុវត្ថិភាព
ទី៥. សម្ភារការពារបុគ្គលសម្រាប់កម្មករសំណង់
ទី៦. ការវាយតម្លៃហានិភ័យ និងវិធានការគ្រប់គ្រងសុវត្ថិភាព និងសុខភាពក្នុងវិស័យសំណង់
ទី៧. ការធ្វើកំណត់ត្រា និងរបាយការណ៍នៃគ្រោះថ្នាក់ការងារ
ទី៨. ការធ្វើទំនាក់ទំនងជាមួយនិយោជក និងកម្មករនិយោជិត
និងទី៩. ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារដល់កម្មករសំណង់។

អ្នកជំនាញខាងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមកពីសាធារណៈរដ្ឋកូរ៉េ ជាអ្នកបង្រៀនក្នុងវគ្គរយៈពេល៤ថ្ងៃនេះ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អធិការការងារ ក្នុងការធានាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងវិស័យសំណង់។ ក្នុងន័យនេះ អធិការការងារមិនត្រូវគ្រាន់តែដើរតួនាទីជាអ្នកពិនិត្យនិងចាប់កំហុសប៉ុណ្ណោះទេ តែក៏ត្រូវធ្វើជាអ្នកប្រឹក្សា និងជួយនិយោជក និងកម្មករសំណង់ឱ្យចូលរួមលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារផងដែរ។ ហេតុនេះ អធិការការងារត្រូវមានចំណេះដឹងបច្ចេកទេសផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងថែមទាំងត្រូវមានជំនាញពិតប្រាកដក្នុងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ការងារ ការវាយតម្លៃហានិភ័យ ការបង្ការគ្រោះថ្នាក់ការងារ ការទំនាក់ទំនង និងការដោះស្រាយបញ្ហា។

លោករដ្ឋលេខាធិការក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចែករំលែកបទពិសោធ និងចំណេះដឹង ខណៈពេលដែលសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន ហើយសំណង់នានាកាន់តែមានភាពទំនើប ការការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតដែលធ្វើការនៅក្នុងការដ្ឋាន សំណង់គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

To Top