កម្ពុជា-ឡាវ ពង្រីកទំនាក់ទំនង ដើម្បីដឹកជញ្ជូនកសិផលកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សនសៃ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានពិភាក្សាអំពីការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចការងារមួយចំនួន ព្រមទាំងដើម្បីដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន។

ភាគីទាំង បានពង្រឹង និងពង្រីកនូវទំនាក់ទំនងបែបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

នាជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹង និង ពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឡាវ កិច្ចសហប្រតិបត្តិការ ធាតុចូលកសិកម្មផ្តោតសំខាន់លើជីប៉ូតាស ការជំរុញកសិ-ពាណិជ្ជកម្មទ្វេភាគី ការដឹកជញ្ជូនកសិផលកម្ពុជា ឆ្លងកាត់ប្រទេសឡាវទៅកាន់ទីផ្សារប្រទេសចិន និងជំរុញពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ៕
