ព័ត៌មានអន្តរជាតិ

អាមេរិក​ ផ្អាកការវាយប្រហារយោធាលើអ៊ីរ៉ង់​ ខណៈដែលសម្ព័ន្ធមិត្តជំរុញ ឱ្យមានកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកបានណែនាំដល់ មន្ទីរបញ្ចកោណ កុំឱ្យបើកការវាយប្រហារយោធាលើអ៊ីរ៉ង់​ នៅថ្ងៃអង្គារ ខណៈដែលសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រកំពុងធ្វើការ​ ដើម្បីជួយឈានដល់កិច្ចព្រមព្រៀងសន្តិភាព​ ដែលអាចទទួលយកបាន។

លោក ត្រាំ បានសរសេរនៅ លើបណ្ដាញ​ Truth Social របស់លោកថា “យើងនឹងមិនធ្វើការវាយប្រហារ តាមកាលវិភាគលើអ៊ីរ៉ង់នៅថ្ងៃស្អែកទេ”។

ប្រធានាធិបតីរូបនេះ​ បានបន្ថែមថា លោកបានណែនាំបន្ថែមទៀត ដល់មន្ទីរបញ្ចកោណ “ឱ្យត្រៀមខ្លួន​ ដើម្បីបន្តការវាយប្រហារ ទ្រង់ទ្រាយធំលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណីដែលកិច្ចព្រមព្រៀង​ ដែលអាចទទួលយក បានមិនត្រូវបានសម្រេច”។

លោកបានលេីកឡេីងថា “ការចរចាដ៏វិជ្ជមានមួយ” កំពុងកើតឡើង ហើយថា តាមគំនិតរបស់មេដឹកនាំរដ្ឋឈូងសមុទ្រ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើង ដែលនឹង “អាចទទួលយកបានយ៉ាងខ្លាំង” ចំពោះសហរដ្ឋអាមេរិក ប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា និងលើសពីនេះ។

លោកបន្ដថា​ “កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល អ្វីដែលសំខាន់​ គឺគ្មានអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់!”​ លោក ត្រាំ បានគូសបញ្ជាក់ថា លោកបានពន្យារ ពេលការវាយប្រហារដែលបានគ្រោងទុក តាមការស្នើសុំរបស់មេដឹកនាំ មកពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top