កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិកា សមាជិកសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី៩
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ចាប់ពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅវិមានរដ្ឋសភា។

វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសភាបណ្តាប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជំរុញវិស័យសុខភាពសកល និង ឆ្លើយតបចំពោះបញ្ហាសុខាភិបាលសាធារណៈ និងការធានាប្រព័ន្ធសុខាភិបាល ប្រកបដោយចីរភាព និងបរិយាបន្ន។
វេទិកាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ នឹងផ្តោតការពិភាក្សាលើបញ្ហា ប្រឈមសុខភាពចម្បង ៗ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាលក្រោយវិបត្តិកូវីដ-១៩ ការគាំទ្រសុខភាពមាតា និងទារក ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងមិនឆ្លង ព្រមទាំងការលើកកម្ពស់តួនាទីរបស់សភា ក្នុងការរៀបចំគោល នយោបាយសុខាភិបាល។
តាមរយៈវេទិកាអន្តរជាតិនេះ សមាជិកសភានឹងធ្វើការ ចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ និងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍវិស័យសុខាភិបាល ក្នុងតំបន់ ក៏ដូចជាការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ពាក់ព័ន្ធនឹងសុខភាពផងដែរ ៕
