ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ចប់ការរៀបចំ​ សម្រាប់ការវាយប្រហារ​ជាថ្មីលេីអ៊ីរ៉ង់

យេរ៉ូសាឡឹម៖​ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានបញ្ចប់ការរៀបចំរួមគ្នា សម្រាប់ការបន្តប្រតិបត្តិការ យោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទរទស្សន៍ Kan TV របស់អ៊ីស្រាអែល​ ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខអាមេរិក។

មន្ត្រីរូបនេះបានឧ្យដឹងថា ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា​ នឹងធ្វើការសម្រេចចិត្ត “ឆាប់ៗនេះ”។ មុននេះបន្តិច នៅថ្ងៃអង្គារ លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកអាចនឹង ត្រូវវាយប្រហារអ៊ីរ៉ង់ម្តងទៀត បន្ទាប់ពីអះអាងថា លោកបានពន្យារពេលការ វាយប្រហារដែលបានគ្រោងទុក។

មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា “សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ មានការសម្របសម្រួលយ៉ាងពេញលេញ។ ភាគីទាំងពីរនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើង​ ដើម្បីបន្តសង្គ្រាម”។

យោងតាមរបាយការណ៍ យោធាអ៊ីស្រាអែលក៏កំពុងពង្រឹងវិធានការការពារផងដែរ ចំពេលមានការព្រួយបារម្ភថា ការកត់សម្គាល់របស់លោក ត្រាំ និងការពិភាក្សាជាសាធារណៈកាន់តែខ្លាំងឡើងអំពីការប្រយុទ្ធគ្នាឡើងវិញ អាចជំរុញឱ្យអ៊ីរ៉ង់​ បើកការវាយប្រហារជាមុន។
មិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលអ៊ីស្រាអែល​ លើលទ្ធភាពនៃសកម្មភាពយោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។

ទោះបីជាមានរបាយការណ៍ក៏ដោយ បញ្ជាការដ្ឋានរណសិរ្ស មាតុភូមិអ៊ីស្រាអែលបានឧ្យដឹងថា “បន្ទាប់ពីការវាយតម្លៃស្ថានភាព” គោលការណ៍ ណែនាំការពាររបស់ខ្លួននឹងនៅតែមិនផ្លាស់ប្តូរ ហើយនៅតែមានប្រសិទ្ធភាពយ៉ាង ហោចណាស់រហូតដល់យប់ថ្ងៃសៅរ៍សប្ដាហ៍នេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top