ព័ត៌មានជាតិ

អាជ្ញាធរ ជួយសង្រ្គោះសត្វក្តាន់ ប្រភេទសត្វជិតផុតពូជ លើពិភពលោកចំនួន ១ក្បាល ក្នុងស្រុកចិត្របុរី

ក្រចេះ ៖ សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីដែនជម្រកសត្វតំបន់ដីសើម និងជម្រកវាលស្មៅ នៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

សត្វក្តាន់ឈ្មោលត្រូវបានឆ្កែអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុត សត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។

ក្រុមមន្រ្តីជំនាញ បានពិនិត្យឃើញថា សត្វក្តាន់ឈ្មោលនោះមានស្នាមរបួស លើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចក្នុងហេតុការណ៍ខាងលើ។ ក្រុមការងារបានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ដើម្បីដឹកសត្វក្តាន់ឈ្មោលនោះ ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នៅរាជធានីភ្នំពេញ ដើម្បីព្យាបាលឱ្យបានជាសះល្បើយរបួលឡើងវិញ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់ឈ្មោលនោះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិរបស់វាវិញ ។

សូមបញ្ជាក់ថា ក្តាន់កំពុងស្ថិតបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN ដែលជាប្រភេទសត្វជិតផុតពូជបំផុត នៅលើពិភពលោក ហើយនៅកម្ពុជា ការសិក្សានាពេលកន្លងទៅ មានវត្តមានប្រមាណជា១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង៕

To Top