ព័ត៌មានអន្តរជាតិ

​ លោក JD Vance អះអាងថា ផែនការដាក់ពង្រាយកងទ័ពអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ​ ត្រូវបានពន្យារពេល ប៉ុន្ដែមិនមែនលុបចោលនោះទេ

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានឧ្យដឹងថា ផែនការដាក់ពង្រាយកងទ័ពអាមេរិកជាង ៤០០០នាក់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ​ របស់មន្ទីរបញ្ចកោណត្រូវបានពន្យារពេល​ មិនមែនលុបចោលនោះទេ។

លោក JD Vance បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា រដ្ឋបាលលោក ដូណាល់​ ត្រាំ មិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយអំពីកន្លែងដែលកងទ័ពនឹងត្រូវបញ្ជូនទៅនៅឡើយទេ។
លោកបានលេីកឡៀងថា “វាជាការពន្យារពេលក្នុងការប្តូរវេនកងទ័ព។ កងទ័ពទាំងនោះអាចទៅកន្លែងផ្សេងទៀតនៅអឺរ៉ុប”។

អនុប្រធានាធិបតីអាមេរិក​រូបនេះបានបន្ដថា “តាមពិតយើងមិនទាន់បានធ្វើការសម្រេចចុងក្រោយអំពីកន្លែង​ ដែលកងទ័ពទាំងនោះនឹងទៅទីបំផុតនៅឡើយទេ” ដោយបន្ថែមថា រដ្ឋបាលលោក ត្រាំ កំពុង “និយាយអំពីការផ្លាស់ប្តូរធនធានមួយចំនួនតាមរបៀប​ ដែលបង្កើនសន្តិសុខអាមេរិកឱ្យបានជាអតិបរមា”។

លោកបានបញ្ជាក់ជាថ្មីថា សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប​ ត្រូវទទួលបន្ទុកការពារជាតិរបស់ពួកគេបន្ថែមទៀត។ លោកបន្ថែមថា «យើងត្រូវតែមានអធិបតេយ្យភាពបន្ថែមទៀត និងអឺរ៉ុបកាន់តែច្រើនឈរនៅលើជើងទាំងពីររបស់ខ្លួន​ នោះនឹងបន្តជាគោលនយោបាយរបស់អាមេរិកនៅអឺរ៉ុប»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top