ព័ត៌មានជាតិ

សក្តានុពល និងកាលានុវត្តភាព វិនិយោគដ៏ទាក់ទាញ របស់វិស័យទេសចរណ៍កម្ពុជា បានបង្ហាញក្នុងកិច្ចប្រជុំតុមូល វិនិយោគិនកម្រិតខ្ពស់ ADB

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញបើកកិច្ចប្រជុំតុមូល កម្រិតខ្ពស់ ស្តីពី «ទស្សនវិស័យវិនិយោគ ទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគ ក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់បរិយាកាសវិនិយោគ និងការជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងតំបន់អាស៊ាន ដោយមានការចូលរួមពីសំណាក់លោកស្រី YASMIN SIDDIQI នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ និងដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរទស្សនៈ និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការវិនិយោគ ក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងភាពធន់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតង ដែលអាចឆ្លើយតបទៅនឹង និន្នាការទេសចរណ៍សកលនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ កម្ពុជា ក៏កំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែប្រទាក់ក្រឡាបន្ថែមទៀត និងបង្កើនការតភ្ជាប់ឱ្យកាន់តែច្រើន ផ្តល់ភាពងាយស្រួល និងសន្សំសំចៃពេលវេលា ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។

ទន្ទឹងនេះដែរ លោកដ្ឋមន្រ្តី ក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» ដែលជាការជំរុញការធ្វើដំណើរទេសចរណ៍ក្នុងរដូវវស្សា និងបង្ហាញពីសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលរបស់កម្ពុជា ស្របតាមពាក្យស្លោក ៦ចំណុច រួមមាន៖ ត្រូវមើល ត្រូវស្នាក់នៅ ត្រូវភ្លក់រសជាតិ ត្រូវទស្សនា ត្រូវសាកល្បង និងត្រូវទិញ ដើម្បីផ្តល់បទពិសោធន៍ថ្មីៗជូនភ្ញៀវទេសចរ និងបន្តលើកកម្ពស់ភាពទាក់ទាញ របស់គោលដៅទេសចរណ៍កម្ពុជាដែលអាចទស្សនាបានគ្រប់រដូវកាល។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងវិស័យទេសចរណ៍ មិនត្រឹមតែរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ មូលដ្ឋានប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ អភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា និងអាស៊ានឆ្នាំ២០៣០៕

To Top