ជនភៀសសឹក បានរៀបចំផ្ទះយ៉ាងល្អ និងបង្កើតមុខរបររៀងៗខ្លួន
ភ្នំពេញ ៖ ក្នុងឱកាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យការរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានកោតសរសើរថា ពួកគាត់បានរៀបចំផ្ទះយ៉ាងមានសោភ័ណភាព។

ក្រៅពីបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំផ្ទះយ៉ាងមានសោភ័ណភាព លោក គន់ គីម ក៏បានស្ងប់ស្ងែងចំពោះការរៀបចំមុខរបររបស់ខ្លួន ដើម្បីជាចំណូលបន្ថែមក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក លោក គន់ គីម បានប្រាប់ពីការរៀបចំឲ្យមានផ្សារបណ្តោះអាសន្ននាពេលខាងមុខ ដើម្បីផ្តល់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹកជាអាជីវករលក់ដូរផងដែរ។

បន្ទាប់ពីចុះសួរសុខទុក្ខ ទេសរដ្ឋមន្រ្តីក៏បានឆ្លៀតឱកាសជួបសំណេះសំណាល់ជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីស្តាប់ និងទទួលសំណូមពរដោះស្រាយពីបញ្ហាប្រឈមជូនពួកគាត់៕







