កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដា នៃការធ្វើអធិការកិច្ចអន្ដរក្រសួង ក្នុងវិស័យឧស្សាហកម្មទេសចរណ៍» ដើម្បីលើកកម្ពស់បរិយាកាស ធុរកិច្ចនៅកម្ពុជា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ គោលការណ៍ប្រតិបត្តិស្ដង់ដាសម្រាប់ការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំ ក្រុមអធិការកិច្ចអន្តរក្រសួង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអធិការកិច្ចមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន។

កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យឧស្សាហកម្មទេសចរណ៍ ដែលនឹងចាប់ផ្តើម អនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តោតលើគោលដៅទីតាំងអាជីវកម្ម សេវាកម្មទេសចរណ៍ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។
លោក សោម ចំណាន បានបញ្ជាក់ថាយន្តការអធិការកិច្ចអន្តរក្រសួងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា កាត់បន្ថយការរំខានដល់ម្ចាស់អាជីវកម្ម និងបង្កើនប្រសិទ្ធភាពការងារ ។ ហេតុនេះ ការចុះទៅធ្វើអធិការកិច្ចនេះមានគោលបំណងជួយសហគ្រាស ក្រុមហ៊ុនដែលធ្វើអាជីវកម្ម នៅក្នុងវិស័យឧស្សាហកម្មទេសចរណ៍ឱ្យបង្កើនកម្រិតអនុលោមភាពតាមច្បាប់ផង និងបង្កើនការគោរពបទដ្ឋានអនាម័យ និងបរិស្ថាននៅក្នុងការផ្តល់សេវាទេសចរណ៍របស់ខ្លួនផង ដែលទាំងនេះជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់ការរីកចម្រើននៃវិស័យទេសចរណ៍ផងដែរ៕









