សហរដ្ឋអាមេរិក រឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅមហាសមុទ្រឥណ្ឌា
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរឹបអូសកប៉ាល់ ដឹកប្រេង ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅមហាសមុទ្រឥណ្ឌា ដែលជាការរឹបអូសកប៉ាល់លើកទីបី របស់សហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។
របាយការណ៍បានឧ្យដឹងថា ទិន្នន័យតាមដាន កប៉ាល់បានបង្ហាញថា កប៉ាល់នេះ ដែលគេស្គាល់ថា Skywave បានធ្វើដំណើរទៅភាគខាងលិចប្រទេស ម៉ាឡេស៊ី នៅថ្ងៃអង្គារ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។
កប៉ាល់នេះទំនងជាផ្ទុកប្រេងឆៅជាង ១ លានបារ៉ែលនៅកោះ Kharg របស់អ៊ីរ៉ង់ ក្នុងខែកុម្ភៈ នេះបើយោងតាមឈ្មួញកណ្តាល និងទិន្នន័យពី Lloyds List Intelligence។
របាយការណ៍បានឧ្យដឹងទៀតថា កប៉ាល់នេះកំពុងធ្វើដំណើរត្រឡប់ទៅមជ្ឈិមបូព៌ាវិញ នៅពេលដែលវាត្រូវបានរឹបអូស។ កប៉ាល់ដឹកប្រេងនេះត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងខែមីនា ពីបទដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរឹបអូសកប៉ាល់ដឹកប្រេងពីរគ្រឿងផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់គឺ Majestic X និង Tifani នៅក្នុងមហាសមុទ្រឥណ្ឌា កាលពីខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា
