ព័ត៌មានអន្តរជាតិ

ដំណើរទស្សនកិច្ច ដ៏ញឹកញាប់ នៃមេដឹកនាំប្រទេសមហាអំណាចនៅចិន រំលេចពីតួនាទីសំខាន់របស់ចិន ដែល​ប្រកាន់​ខ្ជាប់​​ពហុភាគីនិយម 

ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រយៈពេលតែកន្លះឆ្នាំប៉ុណ្ណោះ ក៏មានមេដឹកនាំនៃរដ្ឋជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិចំនួន៤ ផ្សេងទៀត បានបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្តបន្ទាប់ ដែលជាទិដ្ឋភាពដ៏កម្រមួយ ក្នុងកិច្ចការទូត នៃប្រទេសមហាអំណាច ។ ផ្តើមពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ , ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ , ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិកនៅថ្ងៃទី១៣ ខែឧសភា និងចុងក្រោយនេះគឺដំណើរទស្សនកិច្ចរបស់ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៩ ខែឧសភានេះ។ ហេតុអ្វីបានជាប្រទេសចិនក្លាយជាគោលដៅទស្សនកិច្ចដ៏សំខាន់របស់មេដឹកនាំ នៃប្រទេសមហាអំណាចទាំងនេះ?
តើវាបានបញ្ជូនសញ្ញាអ្វីទៅកាន់ពិភពលោក?
តាំងពីដើមមក ប្រទេសចិនបានប្រកាន់ខ្ជាប់គោល នយោបាយសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងការួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយបណ្តាប្រទេសនានា ជាពិសេស បន្ទាប់ពីលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង នូវទស្សនៈកសាង សហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិមក ប្រទេសចិនបានផ្តោតសំខាន់លើការធ្វើការជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាគាំពារពហុភាគីនិយម ពិភពលោកពហុប៉ូល និងសមាហរណកម្មសេដ្ឋកិច្ចសកល ។

ប្រទេសចិនដែលមានចំនួនប្រជាជន១.៤០០ លាននាក់ ជាទីផ្សារដ៏ធំដែលមានសក្តានុពលឥតព្រំដែនសម្រាប់វិនិយោគិនបរទេស ដែលមានន័យថា ការបណ្តាក់ទុននិងធ្វើអាជីវកម្ម នៅប្រទេសចិន នឹងទទួលបានឱកាសពីឧត្តមភាពនៃទីផ្សារខ្នាតយក្ស ដែលជាកត្តាដ៏សំខាន់ សម្រាប់ពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់ខ្លួន។ ម្យ៉ាងទៀត ប្រទេសចិនបានធ្វើសាមញ្ញកម្មគោល នយោបាយវិនិយោគជាបន្តបន្ទាប់ ព្រមទាំងបង្កបរិយាកាសអាជីវកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយ័តកម្ម និង អន្តរជាតូបនីយកម្ម ។ អាស្រ័យហេតុនេះ ក្រុមហ៊ុនកំពូលៗ របស់ពិភពលោកតែងសម្លឹងឃើញ ឱកាសអាជីវកម្មនៅប្រទេសចិន ។
ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា រាល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ/ផ្លូវការ របស់ថ្នាក់ដឹកនាំបរទេស តែងអមដំណើរដោយប្រធានក្រុមហ៊ុនធំៗ ក្នុងប្រទេសខ្លួន ដើម្បីពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសដែលជាគោលដៅទស្សនកិច្ច។ តួយ៉ាងដូចជាដំណើរទស្សនកិច្ច របស់លោក ត្រាំ នៅប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ គឺបានអមដំណើរដោយប្រធាន ក្រុមហ៊ុនលំដាប់កំពូលៗរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសចិន។
ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងគោលនយោបាយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បូករួមទាំងភាពរស់រវើកនិងភាពធន់នៃសេដ្ឋកិច្ចចិន បានធ្វើឱ្យចិនរួមចំណែកក្នុងរង្វង់៣០% ចំពោះកំណើនសេដ្ឋកិច្ចសកល ជារៀងរាល់ឆ្នាំ និងបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខ របស់ប្រទេសមហាអំណាច និងអង្គភាពសេដ្ឋកិច្ចនានា ដូចជាអឺរ៉ុប និងអាស៊ានជាដើម ដែលជាកត្តាញ៉ាំង ឱ្យមេដឹកនាំពិភពលោកមិនអាចមើលរំលង បានចំពោះការពង្រឹងនិងពង្រីកកិច្ចហប្រតិបត្តិការល្អជាមួយចិន ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែង គូសបញ្ជាក់ថា «ពហុភាគីនិយមគឺជាបំណងប្រាថ្នារួមរបស់ប្រជាជន ជានិន្នាការទូទៅ និងជាបង្អែកដ៏សំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍនៃពិភពលោក»។ ការធ្វើទស្សនកិច្ចរបស់មេដឹកនាំកំពូលៗរបស់ពិភពលោកនៅប្រទេសចិន ជាការបញ្ជូនសញ្ញាទៅកាន់ពិភពលោកថា ពួកគេមានឆន្ទៈធ្វើការជាមួយចិន ដើម្បីប្រយោជន៍របស់ប្រជាជនទ្វេភាគីនិងពិភពលោក។ ក្នុងនោះ ការរួមគ្នាគាំពារពហុភាគីនិយមតែងតែជាប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នា ដើម្បីស្វែងរកវិធីសាស្ត្រដែលអាចផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍ សន្តិភាពនិងស្ថិរភាពពិភពលោក ។

ជាក់ស្តែង ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច គឺសង្ឃឹមថាប្រទេសមហាអំណាចទាំងឡាញអាចធ្វើជាដៃគូនឹងគ្នា តែមិនមែនប្រឈមដាក់គ្នា គាំពារពហុភាគីនិយម តែមិនមែនឯកតោភាគីនិយម ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ តែមិនមែនល្បែងផលបូកសូន្យ ដើម្បីបំពេញបន្ថែមភាពប្រាកដ ប្រជា និងស្ថិរភាពសម្រាប់ពិភពលោក ដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើ ហើយឆ្ពោះទៅរកគោលដៅសហគមន៍ ជោគវាសនារួមដែលមានការ អភិវឌ្ឍនិងវិបុលភាពរួម៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top