ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ប្រាប់យុវជនគណបក្សខេត្តរតនគិរី ឲ្យខិតខំកសាងសមត្ថភាព និងចំណេះដឹងឲ្យខ្លាំង

រតនគិរី ៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល, លោក សាយ សាមាន អនុប្រធានគណបក្សខេត្ត និងជាអនុប្រធានប្រចាំការយុវជនគណបក្សខេត្តរតគិរី និងជាតំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាលនិងគណៈកម្មាធិការគណបក្សខេត្តរតនគិរី។

នៅក្នុងសិក្ខាសិលាដែលរៀបចំឡើងនៅក្រុងបានលុងខេត្តរតនគិរីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង លោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួល កិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

លោកបណ្ឌិត កៅ ថាច បានជម្រាបជូនវេទិកានោះថា ក្នុងស្ថានភាពមួយដែលពិភពលោកកំពុងតែប្រឈមមុខនឹងភាពតានតឹងនៃសង្រ្គាមរុស្សីនិងអ៊ុយក្រែន ព្រមទាំងសង្រ្គាមនៅមជ្ឍិមបូព៌ា កម្ពុជាយើងក៏ទទួលរងសម្ភាធផងដែរ ដូច្នោះហើយកម្មវិធីថ្ងៃនេះក៏ជាឱកាសដែលយុវជនយើងគួរបង្កើនសមត្ថភាព ចំណេះដឹង ជំនាញឲ្យខ្លាំង និងការចាប់យកឱកាសថ្មីៗលើវិស័យសហគ្រិនភាព ព្រមទាំងការវិនិយោគផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក្នុងនាមជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាលបានរំលឹកជូនថា ភាពខុសគ្នារវាងអាជីវកម្មពីសម័យអង្គរនិងបច្ចុប្បន្នដែលក្នុងនាមយើងជាយុវជនរបស់គណបក្សត្រូវតែស្វែងយល់ឲ្យច្បាស់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេស ការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី ។ជាក់ស្តែងសម័យអង្គរខ្មែរយើងធ្វើកសិកម្មជាជន្ទុលនៃសេដ្ឋកិច្ចគឺមិនទៅណាឆ្ងាយទេ រួមមាន តឹកតាងស្រាប់ បារ៉ាយទឹកនៅតំបន់អង្គរជាប្រភពទឹកសម្រាប់ធ្វើកសិកម្ម ដែលខ្មែរយើងក្លាយជាអាណាចក្រមួយដ៏រុងរឿងដល់ចំណុចកំពូលដោយសារតែវិស័យកសិកម្មនាសម័យនោះ។

សម្រាប់លោកបណ្ឌិត កៅ ថាច បានផ្ញើសារចុងក្រោយ ជូនយុវជនគណបក្សនៅខេត្តរតនគិរីថា យើងជាយុវជនរបស់ណបក្សទាំងអស់គ្នាត្រូវខិតខំ កសាងសមត្ថភាពឲ្យខ្លាំង ទើបជាតិយើងខ្លាំងដែរ ក្នុងនោះមានទាំងចំណេះ និងជំនាញច្បាស់លាស់ ទើបអាចជួយប្រទេសជាតិយើងខ្លាំងដែរ ។បើយើងម្នាក់ៗខ្សោយហេីយ ជាតិយើងនឹងខ្សោយដែរ ដូច្នោះចំណុចនេះ ជាចំណុចសំខាន់ដែលយុវជនយើងគ្រប់គ្នាត្រូវចងចាំថា យើងទាំអស់គ្នាជាចំណែកមួយនៃការកសាងជាតិ ដូច្នេះយេីងត្រូវតម្រង់ទិសខ្លួនឯងដើម្បីឆ្ពោះទៅរកការធ្វើអាជីវកម្មថ្មីៗ និងអាជីវកម្មពាក់ព័ន្ធនិងបរិបទថ្មីគឺ សេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង៕

To Top