តំណាងក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក អ៉ី សូដា ដែលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៉ី សូដា អនុប្រធានការិយាល័យ អធិការកិច្ចការងារ និងវិវាទការងារ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ ដែលត្រូវជាស្វាមីរបស់លោកស្រី សុង ស៊ីវងីម បានទទួលមរណភាព នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបំពេញបេសកកម្មការងារ ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោករដ្ឋលេខាធិការ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ចំពោះការបាត់បង់លោក អ៉ី សូដា ដែលត្រូវជាស្វាមី និងជាឪពុកដ៏ល្អ ព្រមទាំងជាធនធានមនុស្សដ៏មានតម្លៃម្នាក់ ដែលបានបូជាកម្លាំងកាយចិត្តបំពេញការងារជូនក្រសួងនាពេលកន្លងមក។

ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកស្រី សុង ស៊ីវងីម ព្រមទាំងក្រុមគ្រួសារនៃសព លោក ឡេង សែ ក៏បាននាំយកបច្ច័យរបស់លោករដ្ឋមន្រ្តី ចូលរួមពិធីបុណ្យផងដែរ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោក អ៉ី សូដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







